សៀមរាប៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក សែម សុខា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឲ្យលោក វង សូត្រ រដ្ឋមន្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួម ពិធីប្រគល់ជយលាភី និងបិទការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ នៅខេត្តសៀមរាប។
លោកលោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ នៅទីរួមខេត្តសៀម រាបនាឱកាសនេះ ក្នុងគោលបំណងផ្តល់ឱកាស ឲ្យក្រុមកីឡាករ-កីឡាការិនី ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ។ ដើម្បីជាការលើកទឹកចិត្ត ការរួមចំណែក ក្នុងការអភិវឌ្ឍកាយសម្បទាជនបញ្ញាខ្សោយ គណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ បានរៀបចំឲ្យមានកម្មវិធីផ្សេងៗជាច្រើន។
លោកបានបន្តថា ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ពិភពលោក ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ការប្រកួតថ្នាក់អនុតំបន់មេគង្គ កម្មវិធីកីឡាសម្រាប់ក្មេងៗ កម្មវិធីត្រួតពិនិត្យសុខភាព កម្មវិធីអប់រំសុខភាព នៅតាមសហគមន៍ កម្មវិធីភាពជាអ្នកដឹកនាំរបស់កីឡាករ កីឡាការិនី។ល។ កម្មវិធីទាំងនេះ បង្កើតឡើងក្នុងបុព្វហេតុសម្រាប់កីឡាករ កីឡាការិនី បញ្ញាខ្សោយទទួលបានសេវាផ្សេងៗ ដូចមនុស្សធម្មតាដូច្នោះដែរ។
លើសពីនេះទៀត ការប្រកួតមិនមែន ដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួម សកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២២។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ មានចូលរួមគណៈកម្មការរៀបចំ ការប្រកួតរបស់មន្ទីរអប់រំខេត្ត១០នាក់ ប្រតិភូកីឡាអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តកំពង់ធំ៦៤ នាក់ និងប្រតិភូកីឡាអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តសៀមរាប ២៤នាក់ សរុបប្រតិភូកីឡា និងគណៈកម្មការចំនួន ៩៨ នាក់។
សម្រាប់កីឡាអត្តពលកម្មមាន៥០ ម៉ែត្រ បុរស – នារី កីឡាបាល់ទាត់បុរស ៥ នាក់ម្ខាង កីឡាប៊ូល ១ នាក់ទល់ ១ នាក់ និង ២ នាក់ទល់ ២នាក់។ លទ្ធផល៖ផ្នែកកីឡាបាល់ទាត់៖ ៥ នាក់ ម្ខាង ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីខេត្តកំពង់ធំ១ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ខេត្តកំពង់ធំ៣ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ មកពីខេត្តសៀមរាប ហើយផ្នែកកីឡាអត្តពលកម្ម៖វិញ្ញា ៥០ ម៉ែត្រ បុរស-នារី៖ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ស្រី អ៊ុល ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ឡី សុវណ្ណរតនា ខេត្ត ខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ស្រី លាភ ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ១ កីឡាករ ស៊ឹម រស្មី ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាករ ហេង ស្រីនី ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី អ៊ូ រ៉ាបី ខេត្តកំពង់ធំ ។
ចំពោះផ្នែកកីឡាអត្តពលកម្ម៖ វិញ្ញា ១០០ ម៉ែត្រ បុរស ចំណាត់ថ្នាក់លេខ ១ កីឡាករ វណ្ណ ឆវ័ន្ត មកពីខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ កីឡាករ វី វិច្ឆិកា មកពីខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ៣ កីឡាករ ប៉ា ថន មកពីខេត្តសៀមរាប ។ផ្នែកីឡាអត្តពលកម្ម៖ វិញ្ញា ១០០ ម៉ែត្រ នារី ចំណាត់ថ្នាក់លេខ ១ កីឡាការិន ស្រី ពេជ្រ មកពីខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី យឿន ដុងយី មកពីខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី វិច្ឆិកា មកពីខេត្តកំពង់ធំ ។
ផ្នែកកីឡាប៊ូល៖ វិញ្ញាសា ២ ទល់ ២ នាក់ នារី ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ជិន ស្រីម៉ោង និងអៀម សុភ័គ្រ ខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ កីឡាការិនី អី សុយ៉េន និងយឹង ភី ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ឈុន លីនី និង ព្រំ សាម៉ុន ខេត្តកំពង់ធំ រីឯផ្នែកកីឡាប៊ូល៖ វិញ្ញាសា ២ ទល់ ២ នាក់ បុរស ។
ចំណាត់ថ្នាក់លេខ ១ ៖ កីឡាករ លី ម៉េង និង សង្ហា ខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ កីឡាករ ស្វាយ ញែន និងព្រំ សៀងហេង ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ៣ កីឡាករ ញៀ សំអែក និង ព្រំ ឈៀង កុសល ខេត្តកំពង់ធំ៕ ដោយ៖លី ភីលីព