កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាល សុខភាពសហគមន៍ ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោក បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឲ្យ វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ប៉ែន សុវណ្ណី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង ឲ្យថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូល រួមពិធីបើកវគ្គបណ្តុះបណ្តាល សុខភាពសហគមន៍ខេត្តស្វាយរៀង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។

វគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ មានការចូលរួមថ្នាក់ដឹកនាំ និងប្រតិភូក្រុមការងារសម្របសម្រួល នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា មន្រ្តីអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកខេត្ត និងមន្ត្រីពាក់ព័ន្ធ មន្ត្រីតាមមណ្ឌលសុខភាពក្នុងខេត្ត ជនមានពិការភាព ខ្សោយសតិបញ្ញា និងអាណាព្យាបាល ចំនួន៨០នាក់ ។

លោក បណ្ឌិត មាស សារិន បានមានប្រសាសន៍ថា គណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវជាចម្បង ក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡា ជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់កាយសម្បទាមំាមួន បញ្ញាស្មារតីឲ្យមានភាព រីកចម្រើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករម្លែកបទ ពិសោធន៍ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និងកីឡាករ-កីឡាការិនី ជាជនបញ្ញាខ្សោយដទៃទៀត ពិសេស គឺជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសហគមន៍ផងដែរ។

លោកបន្តថា គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាជានិច្ច កាលតែងតែយកចិត្តទុកដាក់ក្នុង ការពង្រីកចលនាកីឡា ជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈកម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកភាគ ច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន ។

លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការ នៃគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបាននិយាយថា ការរៀបចំវគ្គបណ្តុះបណ្តាល សុខភាពសហគមន៍ នេះឡើង ក្នុងគោលបំណងធំសំខាន់ រួមមានដើម្បីឲ្យមានបណ្តាញ និងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍។ ផ្តល់សកម្មភាពសុខភាព និង បង្ការ ជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និង បង្ការពីមេរោគផ្សេងៗ ហើយអប់រំ និងបណ្តុះបណ្តាលសមាជិកគ្រួសារ របស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដើម្បីចូលរួមតស៊ូមតិផ្នែកសុខភាព ។

លោកអគ្គបានបន្តថា មានបណ្តាញសម្រាប់អាណាព្យាលបាល ជនបញ្ញាខ្សោយ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានាជុំវិញខេត្ត ដើម្បីផ្តល់ឱកាសដល់ពួកគេ បានយល់ដឹងពីការថែទាំសុខភាព ជាបញ្ហាចំបង សម្រាប់អាណាព្យាបាល និងប្អួនៗ កីឡាករ-កីឡាការិនីបញ្ញាខ្សោយ និងបង្កើនការយល់ដឹង ផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃ របស់ជនខ្សោយសតិបញ្ញា ។

ជំរុញឲ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្ត ដល់មន្ត្រីពាក់ព័ន្ធ និងគ្រួសារផ្សេងៗទៀត ក្នុងសហគមន៍របស់ពួកគេ ឲ្យយល់កាន់តែច្បាស់ អំពីបញ្ញាសុខភាព នៃការរស់នៅប្រចាំថ្ងៃរបស់កីឡាករ-កីឡាការិនី បញ្ញាខ្សោយ សំដៅឈានទៅរស់នៅ ប្រកដដោយសុខុដុមរមនាជៀសផុត ពីជំងឺតម្កាត់ផ្សេងៗ៕

Most Popular

To Top