ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស អជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិនៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះ មកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស អជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិនេះជាផែនការមេ របស់លោកគៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការពង្រីកសមត្ថភាពអាជ្ញាកណ្តាលកម្ពុជា ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដើម្បីត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣៥ នាក់ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២ បង្រៀនដោយអ្នកជំនាញកីឡាប្រភេទនេះ មកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អន្តរជាតិតែម្តង ចំពោះសិក្ខាកាមទំាងអស់ បានមកសិក្សាវគ្គនេះមានសិទ្ធិ ធ្វើជាអាជ្ញាកណ្តាលព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ចំណែកអ្នកមិនបានមកសិក្សាវគ្គនេះ មិនអាចក្លាយជាអាជ្ញាកណ្តាលឡើយ។
លោកអគ្គបានបន្ថែមទៀតថា ក្នុងចំណោមសិក្ខាកាមចំនួន៣៥នាក់ មានសិក្ខាកាមចំនួន៩នាក់ ធ្វើការប្រឡងចូលរួមអាជ្ញាកណ្តាល កម្រិតអន្តរជាតិ នេះបង្ហាញថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងមានលទ្ធិភាពខ្លាំងក្នុងការបង្កើត ធនធនាមនុស្សរបស់ខ្លួន ជាពិសេសកីឡាករ-កីឡាការិនីឆ្នើម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ៕ ដោយ៖លី ភីលីព