កីឡា

កីឡាករ-កីឡាការិនី ចំនួន៥៦នាក់ នឹងចូលរួមការ ប្រកួតវ៉ូវិណាម ជើងឯកជាតិ ថ្នាក់ជាតិ២០២២ នាខែកញ្ញា

ភ្នំពេញ ៖ កីឡាករ-កីឡាការិនីចំនួន៥៦នាក់ នឹងចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញ នោះនឹង មានរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ ថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា រៀបចំដោយសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ។

លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ ផ្ទាល់នៅទីលានហ្វឹកហាត់សហព័ន្ធថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធមានកីឡាករ-កីឡាការិនីចំនួន៥៦នាក់ ក្នុងនោះមានកីឡាការិនី ចំនួន២០នាក់ កីឡាករចំនួន៣៦នាក់ មកពី៨រាជធានីខេត្ត និងក្រសួង២ គឺក្រសួងការពារជាតិ ព្រមទំាំងក្រសួងមហាផ្ទៃ ចំណែកខេត្តវិញរួមមានខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ។

លោកអគ្គបានបន្តថា ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។ វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន ៩ ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និង កាំបិតធំ ។ សម្រាប់បុរសមាន៥ប្រភេទនោះគឺថាប់ថឺង្វៀងមេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។

វិញ្ញាសាមេគុនអាយុក្រោម១៦ឆ្នាំ មានតែ២ប្រភេទប៉ុណ្ណោះគឺឡុងហូង្វៀង សម្រាប់នារី និងបុរស ។ វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសា ដោយនារីមាន៣វិញ្ញាសាសម្រាប់ប្រភេទ អាយុ១៤ឆ្នាំគឺប្រភេទទម្ងន់៥១ដល់៥៥គីឡូក្រាម ទម្ងន់៥៥ដល់៦០គីឡូក្រាម និងទម្ងន់៥១ដល់៦០គីឡូក្រាម ។ ប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម ៦០ដល់៦៤គីឡូក្រាម ៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម៕

Most Popular

To Top