ភ្នំពេញ ៖ ក្រោយពីបញ្ចប់បេសកកម្ម រយៈពេល៥ថ្ងៃ នៅខេត្តភូកេត ប្រទេសថៃ ក្រុមគណៈប្រតិភូកីឡាហែលទឹក រួមមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់ ចូលរូមការប្រកួតកីឡាហែលទឹក បន្ទុយត្រី Finswimming’s World Cup Round Swimming Pool 2022 បានវិលត្រឡប់មកដល់ប្រទេសជាតិវិញហើយ ថែមទំាងយកមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿង ។
លោក ហែម គីរី អគ្គលេខាធិការ និងប្រធានប្រតិភូ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា ក្រោយពីទទួលលទ្ធផល SEA GAMES នេះជាជំហានទី១ ដែលពេលនោះយើងដឹង ឈានជំហាន ប៉ុន្តែវាបាន ក្លាយជាកម្លាំងចិត្តយ៉ាងខ្លាំង សម្រាប់កីឡាករ-កីឡាការិនី ជាពិសេសគ្រូបង្វឹក របស់សហព័ន្ធខ្មែរទំាងមូល ក្នុងការស្វែងលទ្ធផលថ្មី ។ នេះជាជំហានទី២ របស់សហព័ន្ធ ជាពិសេសប្រភេទកីឡាហែល ទឹកជើងទា “Finswimming” ចេញទៅប្រកួត ដោយការអនុញ្ញាតពីCAMSOC សហព័ន្ធ និងក្រសួង អប់រំ យុវជន និងកីឡា ដូច្នេះយើងមាន ឳកាសចូលរួមការប្រកួតដ៏កម្រិតធំមួយនេះ ហើយជាលើកទី១ ចូលរួមប្រកួតបែបនេះ ។
លោកអគ្គបានបន្តថា យើងមិននឹងស្មានសោះថា យើងដណ្តើមបានមេដាយមាស ៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង តាមពិតយើងចូលរួមការ ប្រកួតមួយនេះដើម្បីវាស់ស្ទង់ និងធ្វើតេស្តិ៍សមត្ថភាពបច្ចេកទេសកីឡាករ-កីឡាការិនីវិញ្ញាសាហែលទឹក ជើងទាក្រោយពីការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ។ ប៉ុន្តែជាក់ស្តែងកីឡាការិនី កាំង មុយនីនធ្វើបានយ៉ាងល្អ យើងទំាងអស់ពិត ជាមានការរំភើប សម្រាប់សមត្ថភាព កីឡាការិនីជាមួយជើងខ្លាំង មកពីប្រទេសជាច្រើនទៀត ។
លោកបានបន្ថែមថា នេះជាជំហានដ៏ធំ សហព័ន្ធគិតថា វាជាកត្តាវត្តមានមួយសហព័ន្ធក្នុងការស្វែងមេដាយសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួល រៀបចំជាម្ចាស់ផ្ទះ ដោយសារសមត្ថភាព កីឡាករ-កីឡាការិនីហែលទឹកជើងទា ប្រហាក់ប្រហែលនឹងប្រទេសជាច្រើនទៀត ។
ការប្រកួតខាងលើនេះ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕