កីឡា

លោក ហែម គីរី ៖សហព័ន្ធគ្រោងរៀបចំប្រកួត ចាប់ពីកម្រិតបឋមដល់ឧត្តមសិក្សា ក្រោយសំឡឹង ឃើញអត្តពលិកហែលទឹកនៅមានកមិ្រត

ភ្នំពេញ៖លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា នាល្ងាចថ្ងៃទី២៨ ខែមិថុនាបានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រភេទកីឡាហែលទឹក នៅអាងហែលទឹកពហុកីឡដ្ឋាន ជាតិអូឡាំពិក។


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបង្ហើបឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហែល ទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ ប្រកួតចាប់ពីកម្រិតបឋមដល់ឧត្តមសិក្សានាពេលខាងមុខ ដោយមើលឃើញ ថា ចំនួនកីឡាករ-កីឡាការិនីចូលរួមនៅមានកម្រិតនៅឡើយ ហើយនេះជាលើកដំបូងនឹងជាជំហាន ដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងការបាន ឱកាសសម្រាប់ការរៀបចំការប្រកួតនេះ ។


លោកបានបន្តថា លោកពិតជាមាន សេចក្ដីសោមនស្សរីករាយ ដែលទទួលបានការសហការរៀបចំរវាង ក្រសួងអប់រំ យុវជននិងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំការប្រកួតនេះឡើង ហើយនេះក៏ជាឱកាស ថ្មីមួយទៀតសម្រាប់សហព័ន្ធក្នុងការបង្កើននូវឱកាស សម្រាប់កីឡាករកីឡាការិនីជាពិសេសគឺនិស្សិត ដែលជាប់ជាកីឡាករ កីឡាការិនីជម្រើសជាតិ ក៏ដូចជាកីឡាករខ្លះជានិស្សិតដែលរៀន នៅតាមសាកលវិទ្យាល័យ ឬសាលានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតតំណាង ឲ្យសាលារបស់ខ្លួន។


ចូលរួមប្រកួតចំនួន ០៥ ស្ថានសិក្សារដ្ឋ និងឯកជនរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ វេស្ទើន វិទ្យាស្ថានខេមអេដ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ចំណែកការប្រកួតមានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុបមានចំនួន ៣០នាក់ (ប្រុស ២២នាក់ ស្រី ០៨នាក់) គ្រូបង្វឹកចំនួន ០៦នាក់ និងមន្រ្តីគណៈកម្មការបច្ចេកទេសកាត់សេចក្តីចំនួន ២២នាក់៕

Most Popular

To Top