កីឡា

នាយកវិទ្យាស្ថាន ខេមអេដ ប៊ិសនីស ស្គូល សង្ឃឹមថា វិទ្យាស្ថានឧត្តមសិក្សា ឬសកលវិទ្យាល័យ នឹងមានក្រុមបាល់ទាត់ ក្នុងសាលនារីចូលរួមប្រកួត

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលនារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២២ បានបើកជាផ្លូវការ ដោយមាន៨ក្រុមចូលរួម ចែកចេញជា២ពូល ធ្វើនៅមជ្ឈមណ្ឌល Premium Sport Club រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីត-១៩ ។

លោក Cassey Barnet នាយកវិទ្យាស្ថាន ខេមអេដ ប៊ិសនីស ស្គូល បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នារី ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឲ្យនិស្សិតជានារី ទទួលបានអត្ថប្រយោជន៍ ពីការលេងកីឡា ពីព្រោះបើប្រៀបធៀបកម្ពុជា ទៅនឹងប្រទេសផ្សេងៗនារី ដែលលេងកីឡា​នៅមានកម្រិតនៅឡើយ ។

លោក នាយកវិទ្យាស្ថាន ខេមអេដ បន្តថា ការលេងកីឡាជាក្រុម បានធ្វើអោយនិស្សិតទទួលបាន បទពិសោធន៍ថ្មីបន្ថែមទៀត គឺធ្វើការជាក្រុម ចេះអនុវត្តយុទ្ធសាស្រ្តជាក្រុម ចេះគ្រប់គ្រងសម្ភាធ និងចេះតស៊ូខិតខំ ដើម្បីឈានដល់គោលដៅ ពីព្រោះពេលនិស្សិតទាំងអស់ ពេលរៀនចប់ពួកគេ នឹងបន្តធ្វើការ ដូច្នេះបទពិសោធន៍ធ្វើការជាក្រុម នឹងធ្វើអោយមានភាពអត់ធ្មត់ និងទំនុកចិតខ្ពស់រហូតទទួលបានជោគជ័យ ។

លោក Cassey Barnet បន្ថែមថា ក្រៅគោលបំណងសំខាន់ខាងលើ និស្សិតវិទ្យាស្ថាន CamEd ក៏ទទួលបានសុខភាពល្អ កាយសម្បទាមាំមួន បញ្ញាវៀងវៃ មិត្តភាព សាមគ្គីភាព បង្កើននូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងចេះជួយគ្នាទៅវិញទៅមកផងដែរ។

លោក Cassey Barnet បញ្ជាក់បន្ថែមថា ការប្រកួតនេះ ក៏បានបង្កនូវភាពសប្បាយរីករាយ ជូនដល់និស្សិតបន្ទាប់ពីវិបត្តិកូវីត-១៩ មានការសាកស្រាន្តវិញ ជាពិសេសបណ្តុះផ្នត់គំនិត អោយនិស្សិតចេះលេងកីឡា មិនថាកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ឬហែលទឹក ដើម្បីបង្កើនជំនាញថ្មីមួយទៀត អាចក្លាយជាកីឡាករ កីឡាការិនីអាជីព ឬជម្រើសរើសជាតិ​ត្រៀមប្រកួតប្រជែងតំណាងកម្ពុជា​​ លើឆាកអន្តរជាតិ លោក Cassey Barnet សង្ឃឹមថា ឆ្នាំក្រោយៗនឹងមានវិទ្យាស្ថានឧត្តមសិក្សា ឬ សកលវិទ្យាល័យ មានក្រុមបាល់ទាត់ក្នុងសាលនារី ចូលរួមប្រកួតជាមួយវិទ្យាស្ថាន ខេមអេដ ។

គួរបញ្ជាក់ថា វិទ្យាស្ថាន ខេមអេដ ប៊ិសនីស ស្គូល គឺជាវិទ្យាស្ថានដំបូងគេ ដែលបង្កើតបាល់ទាត់ក្នុងសាលនារី រយៈពេលឆ្នាំ៥ ចាប់តាំងពីឆ្នាំ២០១៦ដល់២០១៩ ។ ហើយឆ្នាំ២០២២នេះ គឺជាលើកទី៥ ដែលវិទ្យាស្ថាន រៀបចំការប្រកួតបាល់ទាត់ក្នុងសាលនារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ៕ ដោយ៖លី ភីលីព

Most Popular

To Top