ភ្នំពេញ ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងបាននាំប្រតិភូក្រុមប្រឹក្សាកីឡាជប៉ុន លោក Takashi Waku កញ្ញា Sea Tashiro និង កញ្ញា Itsuko Yamaguchi ទស្សនកិច្ចការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

ប្រតិភូក្រុមប្រឹក្សា កីឡាជប៉ុន បានធ្វើដំណើរទស្សនកិច្ចលើប្រភេទកីឡាមួយចំនួន ដែលធ្វើការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡារួមមានកីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាប៉េតង់ កីឡាសូហ្វតេន្នីស កីឡាហែលទឹក កីឡារាំ តេក្វាន់ដូ WT និងកីឡាបាល់បោះ ព្រមទំាងកន្លែងស្នាក់នៅ និងសាលហ្វឹកហាត់សាច់ដុំជាដើម ។

ក្រោយពីបញ្ចប់ការទស្សនកិច្ច លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រតិភូក្រុមប្រឹក្សាកីឡាជប៉ុន លោក Takashi Waku កញ្ញា Sea Tashiro និង កញ្ញា Itsuko Yamaguchi ក៏បានជួបសំណេះសំណាលគ្នា ដើម្បីពិភាក្សាសម្រាប់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕ដោយ៖លី ភីលីព


