កីឡា

ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់រាជធានី-ខេត្ត នៅខេត្តតាកែវ ចាប់ផ្តើម

ភ្នំពេញ ៖ លោក ហឿង សុផុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់រាជធានី-ខេត្តនៅខេត្តតាកែវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ហឿង សុផុន បានមានប្រសាសន៍ថា ក្នុងនាមលោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ លោក លោកស្រី មាតាបិតា អាណាព្យាបាល ព្រមទាំងក្មួយៗកីឡាករ កីឡាការិនី ក្នុងពិធីការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់រាជធានី ខេត្ត នាពេលនេះ។កន្លងមកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុក ដាក់ពង្រឹងពង្រីកចលនា ស្ប៉េស្យាល់អូឡាំពិក ដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាល មន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយ សតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម។

លោកបានបន្តថា ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យ ពិការភាពជាច្រើនឆ្នាំណាស់មកហើយ ។ បច្ចុប្បន្ន ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់ លើកកម្ពស់សិទ្ធិជនមានពិការភាព និងការស្តារលទ្ធភាពពលកម្មកាយ សម្បទាជូនជនមានពិការភាព។

ឆ្លៀតក្នុងឱកាសផងដែរ ខ្ញុំសូមបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើវិស័យពិការភាព ពីព្រោះរាជរដ្ឋាភិបាល បានចំណាយថវិកា រដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាព នៅកម្ពុជា គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញ អោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និង ឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូល ពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិត បទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹង អំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចេរភាពសម្រាប់ជន មានពិការភាពនៅប្រទេសកម្ពុជា ។

លោកបានបន្ថែមថា ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អស់លោក លោកស្រី តាមក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធជាតិ អន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួន សម្រាប់វិស័យពិការភាពកន្លងមក ។ ការចូលរួមចំណែកយ៉ាងសកម្មនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការទទួលខុសត្រូវ និងយកចិត្តទុកដាក់ ក្នុងការបម្រើឱ្យបុព្វហេតុជនមាន ពិការភាពនៅកម្ពុជា៕

Most Popular

To Top