ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ ធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញ នោះនឹងមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡា រៀបចំដោយសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ។

លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ផ្ទាល់ នៅទីលានហ្វឹកហាត់សហព័ន្ធថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធមានកីឡាករ-កីឡាការិនី ចំនួន៥៨នាក់ក្នុងនោះមានកីឡាការិនីចំនួន២៤នាក់ កីឡាករ ចំនួន៣៤នាក់ មកពី៨រាជធានីខេត្ត និងក្រសួង២ គឺក្រសួងការពារជាតិ ព្រមទំាំងក្រសួងមហាផ្ទៃ ចំណែកខេត្តវិញ រួមមានខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខណ្ឌសែនសុខ ។

លោកអគ្គបានបន្តថា ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។ វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន ៩ ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និង កាំបិតធំ ។ សម្រាប់បុរសមាន៥ប្រភេទនោះគឺថាប់ថឺង្វៀងមេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។

វិញ្ញាសាមេគុន អាយុក្រោម ១៦ឆ្នាំ មានតែ២ប្រភេទប៉ុណ្ណោះ គឺឡុងហូង្វៀង សម្រាប់នារី និងបុរស ។ វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសា ដោយនារី មាន៣វិញ្ញាសា សម្រាប់ប្រភេទអាយុ១៤ឆ្នាំ គឺប្រភេទទម្ងន់ ៥១ដល់៥៥គីឡូក្រាម ទម្ងន់៥៥ដល់៦០គីឡូក្រាម និងទម្ងន់៥១ដល់៦០គីឡូក្រាម ។ ប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម ៦០ដល់៦៤គីឡូក្រាម ៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម៕

