កីឡា

លោក ជុំ កុសលនៅតែបន្តកាន់តំណែង ជាប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាអាណត្តិទី២ ឆ្នាំ២០២២-២០២៦ 

ភ្នំពេញ៖លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទំាងទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនត្រូវបានតែងតាំង ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាអាណត្តិថ្មីឆ្នាំ២០២២-២០២៦ ខណៈលោក ជួន លាង អនុប្រធាន ក្រោយពីសមាជិកប្រតិបត្តិចាស់ និងបណ្តាលក្លិបកីឡាប៊ីយ៉ា និងស្នូកយ័រធ្វើការបោះឆ្នោតគាំទ្រលោកជាប្រធានបន្តអាណត្តិថ្មីនេះនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៦សមាជិកប្រតិបត្តិចំនួន ១៣ នាក់ លោក ជុំ កុសល ប្រធាន លោក ជួន លាង អនុប្រធាន លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ លោក ទុយ វិច្ឆិកា អគ្គលេខាធិការរង លោកស្រី អេង អ៊ីតា អគ្គហេរញ្ញឹក លោកស្រី ស្រួង ភាវី លោកស្រី ជាវ ពុទ្ធិតា លោក ភិន ឈុនទៀង លោក ឆាយ បញ្ញា លោក ទូច ចំរីន លោក ចាន់ រ៉ាវី លោក ជួង ប៊ុនធឿន និងលោក អ៊ុច ច័ន្ទដារ៉ា។

លោក ជុំ កុសល បានមានប្រសាសន៍ក្នុងមហាសន្និបាតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាអាណត្តិទី២ ឆ្នាំ២០២២-២០២៦ថា លោកកោតសរសើរដល់សមាជិកប្រតិបត្តិចាស់ ជាពិសេសលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការខិតខំប្រឹងប្រែងអភិឌ្ឍនប្រភេទមួយនេះឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅប្រទេសកម្ពុជាដែលធ្វើម្ចាស់ផ្ទះជាផ្លូវការ។

ក្នុងឳកាសមហាសន្និបាតខាងលើកនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទំាងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ងិន សុបញ្ញា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រោយពីបញ្ចប់ការធ្វើមហាសន្និបាតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៨-២០២២ និងបន្តអាណត្តិទី២ ឆ្នាំ២០២២-២០២៦ សហព័ន្ធបន្តធ្វើសន្និសិទកាសែតស្ដីអំពីការចូលរួមប្រកួតកីឡាស្នូកឃ័រ Asian 6-Red Snooker Championship 2022 នៅប្រទេសម៉ាឡេស៊ីដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ៕

Most Popular

To Top