ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសន្និសិទកាសែតប្រកាសកំណត់ បើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ និងពិធីប្រគល់ថវិកាឧបត្ថម្ភ ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ ២០២០–២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្តនៅឆ្នាំនេះប្រហែលជាអាចស្តារឡើងវិញ នូវស្ថានភាពក្រោយពីមេរោគ COVID-19 ដោយសាររដ្ឋាភិបាលបានបើកចំហប្រទេសវិញហើយ ដូច្នេះយើងមានឳកាស ទទួលកីឡាករ-កីឡាការិនីបរទេស ដែលមកពីក្រៅប្រទេសចូលរួម ហើយមានឳកាសជំរុញការចូលរួម ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្តដែលយើងតែងតែទទួលជោគជ័យជារៀងរាល់ឆ្នាំ។
លោកបានបន្តថា ការរត់ចម្ងាយ២១គីឡូម៉ែត្រ នាពេលនេះមានកីឡាករ-កីឡាការិនីចូលរួមជាង១១៤៣នាក់ រត់ចម្ងាយ១០គីឡូម៉ែត្រមានកីឡាករ-កីឡាការិនីចូលរួមជាង ១៥០០នាក់ រត់ចម្ងាយ ៥ គីឡូម៉ែត្រមានកីឡាករ-កីឡាការិនីចូលរួមជាង ៣០៨នាក់ និងរត់ចម្ងាយ៣គីឡូម៉ែត្រមានកីឡាករ-កីឡាការិនីចូលរួមជាង ១៨៣នាក់សរុប២៦៣៩នាក់ ក្នុងនោះកីឡាករ-កីឡាការិនីកម្ពុជាចូលរួមជាង១៥៤៧នាក់ និងបរទេស១០៩២នាក់។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា ចំពោះបរទេស១០៩២នាក់ មកពីក្រៅ ៧០០ នាក់ និង៣៩២នាក់រស់នៅក្នុងប្រទេសកម្ពុជា អ្នករត់ដែលចូលរួមច្រើនជាងគេ គឺជនជាតិអង់គ្លេស ២៩៩នាក់ ជនជាតិអាមេរិក ១៣៤ នាក់ និងជនជាតិអូស្រ្តាលី ១៣០ នាក់ នេះជាប្រទេស៣បានចុះឈ្មោះច្រើនជាងគេ។លោកបានអំពាវនាវដល់អ្នកចង់ចូលរួមរត់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្តត្រូវចុះឈ្មោះមុនថ្ងៃកំណត់ របស់គណៈកម្មការរៀបចំ៕ ដោយ៖លី ភីលីព





