ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាប្រកាសរៀបចំ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតខាងលើនេះ មាន១២ក្រុមចូលរួម ក្លិបកីឡាបាល់ទះវិសាខា, ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបកីឡាបាល់ទះ កងពលធំអន្តាគមន៍លេខ៣, ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡាបាល់ទះ កូននាគឧត្តរខេត្តឧត្តរមានជ័យ, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាក្លិបបាល់ទះខេត្តកំពង់ស្ពឺ និងក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយទំាង១២ក្រុមនេះ សុទ្ធសឹងជាក្រុមជើងខ្លាំងប្រទេស ដែលមានសិទ្ធិចូលរួមការប្រកួតកម្រិតកំពូល ។
មេត្តាជ្រាបថា៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមការដាក់ពាក្យចូលរួមប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ទីស្នាក់ការសហព័ន្ធកីឡាបាលទះកម្ពុជា (ពហុកីឡដ្ឋានជាតិអូឡាំពិក)។ ក្រុមចូលរួមទាំងអស់ត្រូវតែចូលរួម ក្នុងសន្និសីទសារព័ត៌មាន ការប្រជុំបច្ចេកទេស និងការចាប់ឆ្នោតនា ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅសាលប្រជុំពហុកីឡដ្ឋានព្រីនស៍៕ ដោយ៖លី ភីលីព



