ភ្នំពេញ៖អង្គការផ្កាយសមុទ្រពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានរៀបចំកម្មវិធី ប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍ប្រចាំឆ្នាំ២០២២កាលថ្ងៃអាទិត្យ ទី២ ខែតុលា នៅទីលានបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដោយកម្មវិធីប្រកួតបាល់ទាត់សហគមន៍នេះស្វាគមន៍វត្តមានកីឡាករចំនួន ៣៥០នាក់ មកពី ១៤ក្រុម ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ។
នេះគឺជាលើកទី៤ហើយដែលអង្គការផ្កាយសមុទ្របានរៀបចំ កម្មវិធីប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍នេះឡើង ។ កម្មវិធីបាល់ទាត់ ដែលមានរយៈពេល ២ខែនេះនឹងផ្តល់ឱកាសដល់ យុវជនមកពីសហគមន៍នានានៅជុំវិញរាជធានីភ្នំពេញក្នុងការលេងកីឡាក្នុង បរិស្ថានប្រកបដោយសុវត្ថិភាព និងជាពិសេស រៀនសូត្រពីជំនាញ បំណិនជីវិតសំខាន់ៗ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទងជាដើម ។
ទោះបីជាមានភ្លៀងធ្លាក់ក្នុងអំឡុងការប្រកួតបាល់ទាត់សហគមន៍នេះក៏ដោយ ក៏កីឡាករចូលរួមប្រកួត ទាំងអស់នៅតែខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត បង្ហាញសមត្ថភាព និងទឹកចិត្តស្រលាញ់កីឡា ដែលបានញុំាងឲ្យកម្មវិធីកីឡានេះប្រព្រឹត្តទៅពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវ និងស្នាមញញឹមពីអ្នក គាំទ្រកីឡាបាល់ទាត់ជាច្រើន ។
លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានលើកឡើងថា ដូចឆ្នាំផ្សេងៗដែរខ្ញុំ និងក្រុមការងារកម្មវិធីបាល់ទាត់គឺពិតជារំភើបរីករាយយ៉ាងខ្លាំងក្នុងការទទួល ស្វាគមន៍កីឡាករទាំងអស់ ដែលមានទឹកចិត្តស្រលាញ់កីឡាបាល់ទាត់មកចូលរួមប្រកួត ប្រជែងក្នុងកម្មវិធីប្រកួតបាល់ទាត់វិលជុំ ថ្នាក់សហគមន៍ប្រចាំឆ្នាំ២០២២នេះ ។ ខ្ញុំជឿជាក់ថាកម្មវិធីប្រកួតបាល់ទាត់នេះនឹងផ្តល់នូវ ភាពសប្បាយរីករាយដល់កីឡាករទាំងអស់ ក៏ ដូចជាផ្តល់ ឱកាសឲ្យ ពួកគេបានបញ្ចេញសមត្ថភាព និងទេពកោសល្យ និងកសាងទំនាក់ទំនង ផងដែរ៕
ដោយ៖លី ភីលីព