ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022 នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ម្សិលម៉ិញនៅទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក មាន៥គូនោះ កីឡាករដែលចូលរួមភាគច្រើន ជាកីឡាករជាម្រើសជាតិ រៀបចំដោយ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

កីឡាករ កេសែត សារិទ្ធ ប្រកួតចាញ់កីឡាករ ហ៊ុន គឹមហ៊ាន ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ហើយពួកគេជាកីឡាករហាត់ ក្នុងក្រុមជម្រើសជាតិជាមួយគ្នា។ កីឡាករ អ៊ុត វិចិត្រ ប្រកួតឈ្នះកីឡាករ នៅ សុខទីក្នុងប្រភេទម្ងន់៥២គីឡូក្រាម ដោយពិន្ទុកីឡាករទាំង២រូបនេះ ហាត់ក្រុមជម្រើសជាតិជាមួយគ្នា ។
ចំពោះប្រភេទទម្ងន់៥៧គីឡូក្រាមវិញ អ្នកប្រដាល់សៅ រង្សី ប្រកួតឈ្នះកីឡាករ វណ្ណា លីហៀង ហាត់ ក្រុមជម្រើសជាតិ ជាមួយគ្នាដោយពិន្ទុ ។ ទម្ងន់៨៥គីឡូក្រាមអ្នកប្រដាល់ អ៊ុង ភារាក់ ជាអ្នកប្រដាល់ជម្រើសជាតិ ប្រកួតឈ្នះអ្នកប្រដាល់ Martin Chmielo មកពីក្លិបខេត្តកំពតដោយពិន្ទុ ។សម្រាប់ទម្ងន់៦៧គីឡូក្រាម និងអ្នកប្រដាល់ពេញ វណ្ណថងក្លិបក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកួតចាញ់អ្នកប្រដាល់Remi Aleye ដែលហាត់ក្នុងក្រុមជម្រើសជាតិដោយពិន្ទុ ។
លោកប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការសហព័ន្ធ បានធ្វើការកត់សម្គាល់ថា ទាំងកម្លាំង និង បច្ចេកទេសរបស់ពួកគេ មានការរីកចម្រើនច្រើន ។ ព្រឹត្តិការណ៍នេះការប្រកួតលើកទី២ នឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកា ព្រោះចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទៅក្រុមកីឡាករជម្រើសជាតិ ត្រូវទៅបោះជំរុំ ហ្វឹកហាត់នៅប្រទេសថៃ រយៈពេល២សប្ដាហ៍ ។
បន្ទាប់ពីបញ្ចប់ការបោះជំរុំ ២សប្ដាហ៍នៅប្រទេសថៃ ក្រុមកីឡាករប្រដាល់ជម្រើសជាតិ ត្រូវចេញទៅប្រកួតជើងឯកទ្វីបអាស៊ី នៅប្រទេសហ្សកដង់ហេតុនេះហើយ ទើបការប្រកួតលើកទី២ ត្រូវអូសបន្លាយដល់ពាក់កណ្ដា ខែវិច្ឆិកាបែបនេះ ៕ ដោយ៖លីភីលីព

