កណ្តាល៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទំាងអស់គ្នាខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា ឲ្យបានមួយប្រភេទយ៉ាងតិច” នៅទីក្រុងតាខ្មៅ ខេត្តកណ្តាលចាប់ផ្តើម ជាផ្លូវការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបាន រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៤ក្រុមឡើងវគ្គបន្ត បន្ទាប់យកឈ្នះលើគូប្រកួតរៀងៗខ្លួន។

ក្រុមបាល់ទាត់ ស្ថានីយ៍ផលិតពូជត្រី ៧មករា បានយកឈ្នះក្រុមបាល់ទាត់ អេហ្វស៊ី អាន់លើ លទ្ធផល៤ទល់០ ក្រុមបាល់ទាត់ យុវជន ភូមិព្រែកតាពៅ ១ចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ ព្រះនរាយណ៍លទ្ធផល៣ទល់៥ ក្រុមបាល់ទាត់ សាលាត្រង់ទិសបាល់ទាត់ខេត្ត ក៏ចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ Red Horse លទ្ធផល០ទល់១ និងក្រុមបាល់ទាត់ វ័យចាស់ម៉ូស្លីមភូមិព្រែកតាពៅ១ បានយកឈ្នះក្រុមបាល់ទាត់ យុវជន ស្រុកកណ្តាលស្ទឹង លទ្ធផល៧ទល់០។

ចំណែកកីឡាបាល់ទះនារី៖ ក្រុមបាល់ទះយុវនារីស្រុកកណ្តាលស្ទឹង បានយកឈ្នះក្រុមបាល់ទះយុវនារី ឃុំគោកត្រប់លទ្ធផល៣ទល់០ ហើយបាល់ទះបុរស៖ក្រុមបាល់ទះ ២៤៦ នាគ១៨ បានយកឈ្នះក្រុមបាល់ទះបក្សីឆ្លងដែន លទ្ធផល៣ទល់២ ហើយនៅថ្ងៃនេះក្រុមបាល់ទះបក្សីឆ្លងដែន បានយកឈ្នះក្រុមបាល់ទះ បក្សីឆ្លងដែនវិទ្យាល័យ ហ៊ុន សែន សេរីភាព លទ្ធផល៣ទល់២។

ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទំាងអស់គ្នាខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច” ក្នុងគោលបំណងផ្សព្វផ្សាយ ប្រជាពលរដ្ឋទាំងអស់គ្នាឲ្យចូលរួម លេងកីឡាដើម្បីសុខមាលភាព ឲ្យជៀសផុតពីជំងឺផ្សេងៗ និងក្នុងន័យបំផុសវិស័យកីឡា នៅខេត្តកណ្តាលឲ្យកាន់តែរីកចម្រើន ខ្លាំងឡើងថែមទៀត ៕

