ក្លឹបនៅលីគកំពូលអង់គ្លេស Brighton បានប្រកាសកាលពីថ្ងៃម្សិលមិញថា កីឡាករឆ្នើមម្នាករបស់ខ្លួនគឺ Enock Mwepu នឹងត្រូវបង្ខំចិត្តចូលនិវត្ត ទាំងវ័យទើបតែ២៤ឆ្នាំ ដោយសារតែបញ្ហាជំងឺបេះដូង ដែលមានសភាពធ្ងន់ធ្ងរ។
កីឡាករខ្សែបម្រើការពាររូបនេះ បានផ្ទេរមកលេងនៅអង់គ្លេសពីក្លឹប Red Bull Salzburg កាលពីរដូវក្តៅឆ្នាំ២០២១កន្លងមកនេះប៉ុណ្ណោះ និងបន្តបង្ហាញវត្តមាន បានតែ២៧ដងប៉ុណ្ណោះ សម្រាប់ Brighton និងស៊ុតបញ្ចូលទីបាន៣គ្រាប់ផងដែរ ប៉ុន្តែបែរជាត្រូវទទួលរងនូវបញ្ហាបែបនេះទៅវិញ។
ប្រធានក្លឹប Brighton លោក Tony Bloom បានបញ្ជាក់ប្រាប់ថា៖ ពួកយើងពិតជាមិននឹកស្មាន ចំពោះបញ្ហាដ៏អាក្រក់ ដែលបានកើតឡើងចំពោះ Enock ឡើយ។គាត់និងគ្រួសារក៏បានពិភាក្សាគ្នា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ក្លឹបពិតជាមានក្តីសោកស្តាយ ចំពោះការចូលនិវត្តទាំងវ័យក្មេង និងសមត្ថភាពដ៏អស្ចារ្យរបស់គាត់ នាពេលកន្លងមកនេះពួកយើង នឹងនៅតែបន្តផ្តល់ក្តីស្រលាញ់ ចំពោះគាត់និងជួយគាំទ្រគាត់តាមលទ្ធភាព ដែលអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី