ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡា ដើម្បីទាំងអស់គ្នា ប្រចាំឆ្នាំ២០២២ ក្រោម ប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា ឲ្យបានមួយប្រភេទយ៉ាងតិច” នៅកីឡដ្ឋានក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា តាមរយៈការប្រកួតកីឡានេះ គឺពិជាមាសារសំខាន់ណាស់ ពីព្រោះបានជំរុញ និងបំផុសឲ្យបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចេះស្រឡាញ់កីឡា និងចូលរួមលេងកីឡាដើម្បីសុខភាព សំដៅចូលរួមចំណែក អភិវឌ្ឍន៏កីឡាឲ្យមានការរីកចម្រើន កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ទ្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សូមចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាពទាំងអស់គ្នា ពីព្រោះកីឡា និងការហាត់ប្រាណ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់យើងទាំងអស់គ្នា បានទាំងសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ សុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ព្រមទាំងបានកាត់បន្ថយការចំណាយ លើសេវាសុខភាពទៀតផង។ កីឡាដើម្បីទាំងអស់គ្នា គឺជាសិទ្ធិមូលដ្ឋាន របស់មនុស្សគ្រប់រូប ក្នុងការហាត់ប្រាណ និងលេង កីឡាគ្រប់ប្រភេទ ដោយមិនប្រកាន់អាយុ ពូជសាសន៍ និងសាសនាឡើយ កីឡាដើម្បីទាំងអស់គ្នា បានផ្តល់ឱកាសឱ្យបុគ្គលគ្រប់រូប ចូលរួមហាត់ប្រាណ និងលេងកីឡា ពេញមួយជីវិត កីឡាដើម្បីទាំងអស់គ្នា បានផ្តល់នូវការអប់រំ ការអនុវត្តជំនាញ ការអភិវឌ្ឍបុគ្គលិកលក្ខណៈ ផ្ទាល់ខ្លួន របៀបធ្វើការងារជាក្រុម និងផ្តល់ផលប្រយោជន៍ ដល់សហគមន៍ ឱ្យមានការរីកចម្រើន និងជាចលនាជំរុញ ដល់ការអភិវឌ្ឍកីឡាជាតិ។
លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានសូមជម្រាបថា ការប្រកួតខាងលើនេះគឺមានរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងការប្រកួតនេះ មានកីឡាករ កីឡាការិនីចូលរួមក្នុងការប្រកួតចំនួន ៣៣ក្រុម នារី ១០ក្រុម ដោយបែងចែកជាបីផ្នែកគឺ៖ ផ្នែកទី១ កីឡាបាល់ទាត់ មានចំនួន ១៩ក្រុម បុរសមាន ១៥ក្រុម នារីមាន ៤ក្រុម ផ្នែកទី២ កីឡាបាល់ទះមានចំនួន ៧ក្រុម ក្នុងនោះមានបុរស ១០ក្រុម នារី ៣ក្រុម និងផ្នែកទី៣ កីឡាបាល់បោះមានចំនួន ៧ក្រុម ក្នុងនោះមានបុរស ៤ក្រុម និងនារី ៣ក្រុម សរុបកីឡាករ កីឡាការិនីចូលរួមចំនួន ៥៤៨នាក់ ស្រី ១៧៦នាក់។
លោកបានឱ្យដឹងថា លទ្ធផលនៃការប្រកួតនេះ ផ្នែកបាល់បោះសម្រាប់ផ្នែកបុរស លេខ១បានទៅលើ ក្រុមកីឡាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លេខ២ បានទៅលើក្រុមវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Specail Fox សម្រាប់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម តាខ្មៅវារៀស ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន សេរីភាព និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម អិច ហ្វេប។
ចំពោះបាល់ទះនារី លេខ១បានទៅលើ ក្រុមរួមចិត្តតែមួយ លេខ២ បានទៅលើក្រុមយុវនារីស្រុកកណ្ដាលស្ទឹង ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម គោកត្រប់ សម្រាប់បុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម បក្សីឆ្លងដែន ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម ២៤៦ នាគ ១៨ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន សេរីភាព និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម យុវជនស្រុកកណ្ដាលស្ទឹង។
ចំណែកបាល់ទាត់សម្រាប់នារី លេខ១បានទៅលើ ក្រុម ស្អាងយើងស្អាតA លេខ២ បានទៅលើក្រុមស្អាងយើងស្អាតB ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម យុវនារីព្រាប ស លេខ៤ បានទៅលើក្រុម យុវនារីស្រុកកណ្ដាលស្ទឹង សម្រាប់បុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម TN កណ្តាល ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម វ័យចាស់មូស្លីមព្រែកតាពៅ១ ចំណាត់ថ្នាក់លេខ៣ស្ទួន បានទៅលើក្រុម យុវជនវិទ្យាល័យជ័យវរ្ម័នទី៧ និងក្រុមក្លឹបបាល់ទាត់ព្រះនរាយណ៍៕ ដោយ៖លី លីភីព




