កីឡា

ក្រុមអត្តពលិក មកពីតំបន់ទាំង៥ និង៤ស្ថាប័ន ចូលរួមការប្រកួតកីឡា ប៊ូលនិងប៉េតង់ ជើងឯក ថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានការចូលរួមពីប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧) ។

លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបាននិយាយថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០ ២២ ក៏មិនខុសពីឆ្នាំមុនដែរ គឺសហព័ន្ធបានផ្ដល់ការអនុញ្ញាត ទៅកាន់តំបន់ទាំង៥ និង៤ស្ថាប័ន រៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីសម្រិតសម្រាំងជ្រើសរើស យកជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ មកធ្វើការប្រកួតជើងឯក ថ្នាក់ជាតិនៅរាជធានីភ្នំពេញ នាឱកាសនេះ ។ ការប្រកួតនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧) ដោយចែកជា ៥ វិញ្ញាសា (រូបមន្តវិលជុំ) រួមមាន៖វិញ្ញាសាបុរស-នារី ១ទល់ ១ វិញ្ញាសាយុវជន-យុវនារី ក្រោម ១៨ឆ្នាំ១ទល់១ និងវិញ្ញាសាបុរស-នារី ចម្រុះ២ ទល់ ២ ។

លោក សុខ សូកាន បានមានប្រសាសន៍ថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃនិងប៉ិន ប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានការរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយ ប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ហើយដណ្ដើម បាននូវមេដាយមាស ជាច្រើនពីការប្រកួតទាំង កម្រិត អន្តរជាតិនិងពិភពលោក ។ លទ្ធផលគួរជាទីមោទកភាពនេះ គឺបានមកពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ផ្ទាល់របស់កីឡា ករ-កីឡាការិនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានពុះពារគ្រប់ឧបសគ្គ ដណ្តើមយកជ័យជម្នះ ជូនជាតិមាតុភូមិ ក្នុងឆន្ទៈកសាង និងលើកកម្ពស់កិត្យានុភាព របស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។

លោកប្រធាន បានបន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាពុំអាចកើត មានឡើងបានទេ ប្រសិនបើគ្មានវត្តមានដ៏ខ្ពង់ខ្ពស់ នៃអតីតថ្នាក់ ដឹកនាំសហព័ន្ធ របស់យើងគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងឥស្សរជន ជាច្រើនរូបផ្សេងទៀត បានរួមគ្នាផ្តួចផ្តើមគំនិតនិងជ្រោមជ្រែងវិស័យកីឡានេះ តាមរយៈការបង្កើត សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាកាលឆ្នាំ១៩៩២ នេះគឺជាមរតក នៃ ការខិតខំប្រឹងប្រែង បន្តមកដល់យុវជន បន្តវេ ដែលបច្ចុប្បន្នលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាជាប្រធាន កិត្តិយស ។ គិតត្រឹមឆ្នាំ២០២២នេះសហព័ន្ធបានដំណើរការការងាររបស់ខ្លួនរហូតដល់៧អាណត្តិ ហើយឆ្នាំនេះក៏ជា “ខួប ៣០ឆ្នាំ ក្នុងការបង្កើតសហព័ន្ធ” ។
លោក សុខ សូកាន បានបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ ទាំងការងារ បច្ចេកទេសនិង ការងាររៀបចំក្នុងនាមម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា “កីឡារស់ក្នុងសន្តិភាព-Sports: Live in Peace” ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ។
ព្រឹត្តការណ៍នេះ នឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃស្មារតី “លើសពីកីឡា លើសពីការប្រកួត និងលើសពីមេដាយ” ឬ “Beyond The Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ-Hearts Beat in Sync” ដោយយើងមិនត្រឹមតែយកកម្ពុជា មកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែយើងត្រូវយកស៊ីហ្គេម មកលើកតម្កើងកម្ពុជា ពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងជាឱកាសបង្ហាញ ពីភាពសុខដុមរមណី ភាពសម្បូរបែប ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ៕

Most Popular

To Top