កីឡា

CAMSOC​ ចាប់ផ្តើមរាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOCថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សាលប្រជុំ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” បើកសន្និសីទសារព័ត៌មាន ស្តីពីការរាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ និងវឌ្ឍនភាពការងារ CANSOC ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធាន CAMSOC រៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់ CAMSOC និងជាការប្រកាស ផ្សព្វផ្សាយការរាប់ថយក្រោយគម្រប់ ២០០ថ្ងៃ គឺត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីឆ្ពោះទៅ SEA Games ASEAN Para Games ឆ្នាំ២០២៣ ។

គណៈកម្មាធិការជាតិ CAMSOC បានរៀបចំពិធីរាប់ថយក្រោយជាបន្តបន្ទាប់ ចាប់ពី១០០០ថ្ងៃ ៥០២ថ្ងៃ ៣០០ថ្ងៃ និង ២០០ថ្ងៃនេះ ហើយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យើងនៅសល់ ១០០ថ្ងៃតែប៉ុណ្ណោះ ដែលត្រូវរៀបចំពិធីជួបជុំ នាយបេសកកម្មកីឡា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស ក្នុងពិធីបើកសិក្ខាសាលានាយបេសកកម្ម “CDM Seminar” ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្តី និងការដឹកនាំផ្ទាល់របស់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន (CAMSOC ជាមួយការខិតខំប្រឹងប្រែង របស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត CAMSOC បានដើរលើផ្លូវត្រឹមត្រូវ និងមានវឌ្ឍនភាពល្អ ប្រកបដោយសុទិដ្ឋិនិយម និងជំនឿជឿជាក់ថា សមិទ្ធផល សម្រេចបានកន្លងមក ក្នុងការត្រៀម លក្ខណៈរៀបចំ Games ដ៏ធំជាប្រវត្តិសាស្ត្រជាតិ ក្នុងកំណត់ត្រារង់ចាំ ៦៤ឆ្នាំ នឹង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាគុណប្រយោជន៍ជាតិដ៏ធំធេង។

លោកបណ្ឌិតបានបន្តថា មកដល់ពេលនេះ CAMSOC សម្រេចបានការងារជាច្រើន និងការងារមួយចំនួនទៀតកំពុងមានវឌ្ឍនភាពល្អ ឆ្ពោះ ទៅមុខ និងគោលដៅជាក់លាក់ ។ យន្តការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបញ្ហា “CAMSOC” បានធ្វើដោយយកចិត្តទុកដាក់ និងទៀងទាត់ជាទីបំផុត។ មុខសញ្ញាការងារសំខាន់ៗ ជាអាទិភាពត្រូវបានកំណត់ និងសម្រេចបានជាផ្លែផ្កា ជាបន្តបន្ទាប់ដូចជា ការជួសជុលទីលានប្រកួត ការកំណត់ទីតាំងទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ ។ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំង SEA Games និង ASEAN Para Games គឺជាមូលដ្ឋានន ការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
លោកអនុប្រធានអចិន្ត្រៃយ៍បានបន្ថែមថា ការផ្តល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុន ឯកជន ដូចជា ការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System”ការស្វែងរកចំណូល តាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិ International Broadcasting Center ។ល។ ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥៥០០នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុតដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូនCAMSOC ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

ការរៀបចំ ហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងការពន្លឿនដាក់ ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវ ទៅមហាវិថី ឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើង បំភ្លឺតាមដើមឈើ ជាដើម ។ ខេត្តត្រៀមទទួលរៀបចំ ប្រកួតកីឡាមួយចំនួន ដូចជា កែប កំពត ព្រះសីហនុ សៀមរាប ក៏ សម្តេចពិជ័យ សេនាប្រធាន បានដាក់គោលការណ៍ឱ្យរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និង រៀបចំគណៈកម្មការ ចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ ។

Most Popular

To Top