កីឡា

ក្រុមបាល់ទះកម្ពុជា បន្តកម្តៅសាច់ដុំ ក្រុមបាល់ទះគុយបា នាថ្ងៃទី២០ ខែតុលា មុន SEA GAMES 2023 មកដល់

ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបាល់ទះក្រោមអាយុ ២១ឆ្នាំ ប្រទេសគុយបា នៅព្រលានយន្តហោះអន្តរភ្នំពេញ ដើម្បីការប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋបានមានប្រសាសន៍ថា ក្រុមបាល់ទះក្រោមអាយុ ២១ឆ្នាំ ប្រទេសគុយបាមកប្រទេសកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា តាមគម្រោងនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។ ការប្រកួតមិត្តភាពលើកនេះ មានសារសំខាន់ណាស់ សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីសិក្សាបច្ចេកទេស និងទិចនិកការប្រកួតពីក្រុមជើងខ្លាំងមកពីអឺរ៉ុប។

យើងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបាល់ទះជម្រើសជាតិ ប្រទេសសិង្ហបុរីនៅព្រលានយន្តហោះអន្តរភ្នំពេញ យោងតាមអនុប្រសាសន៍រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ទ្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ ចំពោះលទ្ធផលចាញ់ ឬឈ្នះជារឿងផ្សេង ដើម្បីកុំឲ្យអួបអោនប្រទេសរបស់យើង។

លោកអគ្គបន្តថា ក្រោយពីបញ្ចប់បេសកកម្មការប្រកួតមិត្តភាព ជាមួយប្រទេសសិង្ហបុរីបានឡើយ ទោះបីយើងទទួលជ័យជម្នះ ក្នុងលទ្ធផល២ទល់១ក៏ដោយ ក៏យើងគិតថា ក្រុមសិង្ហបុរីក៏ជាកក្រុមជើងខ្លាំងមួយ ក្នុងចំណោមក្រុមជើងខ្លាំងផ្សេងទៀត។ ការប្រកួតមិត្តភាពលើកនេះ ក្នុងនាមម្ចាស់មានការចំណេញច្រើនដូចជាបច្ចេកទេស និងទិចនិចជាមួយក្រុមកីឡាក្រៅប្រទេស ក៏ជាឳកាសមួយសម្រាប់ក្រុមកីឡាករបាល់ទះកម្ពុជា បញ្ចេញស្នាដៃ និងកែនូវចំណុចខ្វះខាតមួយចំនួន ។

បញ្ជាក់៖សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ ជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបា ទាំង២រូបជាផ្លូវការ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាលនិងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក។  

ការចុះកិច្ចសន្យានេះធ្វើឡើងនារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមាណពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមជាសាក្សី ពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជា មួយចំនួន ជាពិសេសមានការចូលរួមរបស់លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជាផងដែរ៕

Most Popular

To Top