កីឡា

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនប្រកាសបើកប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជាផ្លូវការពិធី បើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ ក្រោមការរៀបចំ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងដៃគូឧបត្ថម្ភ។

ក្នុងពិធីដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ទីអូ ឡាយចេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា លោកស្រី ល្វីកា រ៉ូឌ្រីហ្គេសបារៀស ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតនេះចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមចំនួន ១១ក្រុម ប្រកួតនៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ ក្នុងបរិវេណហ្គ្រេនភ្នំពេញ ។ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បែងចែកចេញជា៤ពូល គឺក្រុមពូល A៖ក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ក្រុមបាល់ទះសមាគម បាល់ទះវិសាខា និងក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងពូលB ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស ក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ និងក្រុមបាល់ទះសមាគមបាល់ទះ ខេត្ត សៀមរាប។

រីឯពូលC៖ក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះកូននាគឧត្តរ និងក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ហើយពូលD ក្រុមបាល់ទះសមាគមបាល់ទះ ក្រសួងមហាផ្ទៃ និងក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ជាក្រុមមានសំណាងឡើងវគ្គ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។

ចំពោះការប្រកួតមិត្តភាព ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះ ជម្រើសជាតិសិង្ហបុរី ដោយលក្ខណៈបច្ចេកទេស២សិតទល់១សិត ចំណែកការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២២ វិញ ក្រុមកីឡាបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សឈ្នះក្រុមកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល៣សិតទល់១សិត៕

Most Popular

To Top