តូក្យូ៖ ប្រភពស៊ើបអង្កេតបាននិយាយថា រដ្ឋអាជ្ញាជប៉ុនគ្រោងនឹងរៀបចំ សំណុំរឿងពុករលួយមួយទៀតប្រឆាំង នឹងអតីតនាយកប្រតិបត្តិអូឡាំពិកទីក្រុងតូក្យូ សម្រាប់ការចោទប្រកាន់ថា បានទទួលសំណូក ពីក្រុមហ៊ុនបានលក់តុក្កតា ដែលមានអាជ្ញាប័ណ្ណជាផ្លូវការ នៃតុក្កតាហ្គេម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ប្រភពបានបន្តថា លោក Haruyuki Takahashi អាយុ ៧៨ ឆ្នាំជាចំណុចកណ្តាល នៃរឿងអាស្រូវស៊ីសំណូក ដែលរីករាលដាលនោះ ត្រូវបានគេជឿថា បានទទួលប្រាក់សរុបចំនួន ៨ លានយ៉េន ពីក្រុមហ៊ុនផលិតតុក្កតា Sun Arrow Inc ។
ការអភិវឌ្ឍន៍នេះនៅតែជាបញ្ហាមួយទៀត ចំពោះរូបភាពនៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកកាលពីឆ្នាំមុន ត្រូវបានពន្យារពេលមួយឆ្នាំមុន ពេលប្រារព្ធឡើង ទោះបីជាមានការរាតត្បាត នៃមេរោគឆ្លងក៏ដោយ។
លោកស្រី Seiko Hashimoto សមាជិកសភាជាន់ខ្ពស់ ដឹកនាំគណៈកម្មាធិការរៀបចំ ការប្រកួតនាពេលនេះ បានប្រាប់អ្នកយកព័ត៌មាន នៅពហុកីឡដ្ឋានជាតិថា វាជាការខកចិត្តយ៉ាងខ្លាំងដែលបានជាន់ឈ្លី ការខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើន។
លោកស្រី បាននិយាយបន្ទាប់ពីចូលរួម ក្នុងព្រឹត្តិការណ៍មួយ ដើម្បីរំលឹកដល់ការប្រកួតថា ស្ថានការណ៍បានបំបាក់ក្តីសុបិនរបស់យើង ហើយខ្ញុំសូមទោសយ៉ាងខ្លាំង។
លោក Takahashi ជាសមាជិកគណៈកម្មាធិការ រៀបចំអូឡាំពិកទីក្រុងតូក្យូ បានមានឥទ្ធិពលយ៉ាងខ្លាំង លើការជ្រើសរើសអ្នកឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោក។ លោកត្រូវបានចាប់ខ្លួន ៣ដងរួចមកហើយ ពីបទសង្ស័យទទួលសំណូកច្រើនជាងនេះ ពីក្រុមហ៊ុនបីផ្សេងទៀត៕ ដោយ៖លី ភីលីព