ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ទិវាកីឡាសម្រាប់ទាំងអស់គ្នា “ Sports for All ” ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍកីឡាជាតិ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ខ្ញុំមានមនោសញ្ចេតនារំភើបរីករាយ ជាអតិបរិមាដែលបានចូលជាអធិបតីក្នុង ក្នុងទិវាកីឡាសម្រាប់ទាំងអស់គ្នា “ Sports for All ” ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍកីឡាជាតិ” ប្រចាំឆ្នាំ២០២២ នៅលើទឹកដីរាជធានីភ្នំពេញ នាពេលនេះបានប្រព្រឹត្តក្រោមបរិយាកាសអធិកអធមយ៉ាងក្រៃលែង។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដែលពាក់ព័ន្ធបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សកម្មភាពលេងកីឡា មិនគ្រាន់តែធ្វើឲ្យមនុស្សគ្រប់រូបមានរូបស្រស់សង្ហា ស្មារតីភ្លឺថ្លា ប្រាជ្ញាវាងវៃ មានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពកីឡា ក៏បានជំរុញឲ្យមនុស្សគ្រប់រូប មានសកម្មភាពរាងកាយ បានបញ្ចេញជាតិពុលពីក្នុងខ្លួនតាមរយៈសម្មភាពលេងកីឡា បានកាត់បន្ថយភាពស្រ្តេស ទប់ស្កាត់ជំងឺបៀតបៀន កាត់បន្ថយថ្លៃព្យាបាលជំងឺ និងបានរិតចំណងសាមគ្គីភាពពីបុគ្គលមួយ ទៅបុគ្គលមួយ។

លោកបន្តថា សកម្មភាពកីឡា បានធ្វើឲ្យកីឡាករ-កីឡាការិនីចូលចិត្តលេងកីឡាប្រភេទណាមួយ អាចប្រែក្លាយប្រភេទកីឡាដែលខ្លួនចូលចិត្តលេងទៅជាកីឡាជំនាញប្រចាំជីវិត នឹងមានសមត្ថភាពទៅចូលរួមប្រកួតដណ្តើមមេដាយជូនជាតិយើងបាន។ ជាក់ស្តែង កីឡាករ-កីឡាការិនីយើង បានចូលរួមប្រកួតកីឡាថ្នាក់តំបន់ ថ្នាក់ពិភពលោក មានសមត្ថភាពដណ្តើមបានមេដាយជូនជាតិ ជួយលើកស្ទួយកិត្យានុភាពប្រទេសជាតិយើង ទោះបីប្រទេសយើងតូច តែកីឡាករ កីឡាការិនីយើងមានសមត្ថភាព ទេពកោសល្យ ដណ្តើមមេដាយពីប្រទេសធំៗបាន និងបានបង្ហូតទង់ជាតិយើងឡើងលើដែលជាសញ្ញាឲ្យប្រទេសលើពិភពលោកស្គាល់ពីសក្តានុពលប្រទេស និងចង់មកវិនិយោគក្នុងប្រទេសយើង។

ប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកាលានុវត្តភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ នៅឆ្នាំ២០២៣ និងជាឱកាសប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីមានសមត្ថភាពចូលរួមប្រកួតដណ្តើមមេដាយឲ្យបានច្រើនជូនជាតិយើងនៅក្នុងព្រឹត្តិការណ៍កីឡា SEA GAMES ឆ្នាំ២០២៣៕
ដោយ៖ លី ភីលីព
