ខេត្តកែប ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបានចូលរួម ក្នុងឱកាសទិវាកីឡាអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយ ប្រភេទ យ៉ាងតិចប្រចាំជីវិត” ក្នុងគោលបំណងរំលឹក ដល់ថ្ងៃបង្កើត សហគមន៍អាស៊ាន ការលើកកម្ពស់សកម្មភាព កីឡា របស់សហគមន៍អាស៊ាន ការផ្សព្វផ្សាយឱ្យ ប្រជាជនយល់ដឹង ពីសារៈប្រយោជន៍ និងចូលរួមលេង កីឡាដើម្បីសុខភាព និងឧត្តមភាពកីឡាជាតិ ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ការរៀបចំទិវា កីឡាអាស៊ាននេះ ដោយអនុវត្តទៅ តាមសេចក្តីសម្រេច នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានសម្រេចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រៀបចំទិវាកីឡាអាស៊ាននេះឡើងនៅថ្ងៃទី៨ ខែសីហា រៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឱ្យប្រជាន យល់ដឹងអំពីអាស៊ាន លើកកម្ពស់វិស័យកីឡាអាស៊ាន លើកកម្ពស់របៀបរស់នៅ របស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ សុខដុមនីយកម្ម តាមបាវចនា “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និង សហគមតែមួយ” “One Vision, One Identity, One Community” ។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ប្រទេសកម្ពុជា ជាសមាជិករបស់អាស៊ាន និងអនុលោមទៅតាមមាត្រា ៦៥ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតលេខ ៦០៩ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អនុញ្ញាតជាគោលការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ាន ASEAN SPORTS DAY នៅព្រះរាជាណា ចក្រកម្ពុជា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៧មក ។

លោកបានបន្ថែមថា កីឡាបានដើរ តួយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ ទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ។ បច្ចុប្បន្នពិភពលោក បានទទួលស្គាល់ថាកីឡា គឺជាឧបករណ៍ មួយដ៏សំខាន់ ដើម្បីទទូល បានសុខភាពល្អ ភាពជោគជ័យក្នុងការងារ និងការរស់នៅ ប្រកបដោយភាពសុខដុមនីយកម្ម ។
ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព ASEAN Sports Day នៅខេត្តកែប នាឆ្នាំនេះរួមមាន ប្រភេទកីឡាជិះកង់ បុរស នារី ចម្ងាយ ១៥ គីឡូម៉ែត្រ រត់ចម្ងាយបុរស នារី ចម្ងាយ ៥ គីឡូម៉ែត្រ និងហាត់ប្រាណរាំតាមចង្វាក់ភ្លេងទូទៅ បុរស នារី៕
