កីឡា

លោក តែម ម៉ឺន ៖ សូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិលើកដំបូង

ភ្នំពេញ៖នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិជាផ្លូវការដែលមានរយៈពេល៥ថ្ងៃ នៅសណ្ឋាគារភ្នំពេញដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។


ក្នុងឳកាសពិធីបើកវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា លោកគ្រូ Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងអន្តរជាតិ និងលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា។


លោក លោក តែម ម៉ឺន បានមានប្រសាសន៍ថា តំាងនាម NOCC សូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិដោយប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES។ លោកបានកោតសរសើរលោក ហេង សុខឃន ប្រធានសហព័ន្ធ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ និងកីឡាករ- កីឡាការិនីប្រដាល់ឃីកបុកស៊ីងបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។


លោក លោក តែម ម៉ឺន បានលើកបង្ហាញទៀតថា កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។


ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរ លើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍ ជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើននៅក្នុង តំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់ ដើម្បីកម្ពុជាឆ្ពោះទៅជោគជ័យការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។


លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបាននិយាយថា លោកសូមអរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMESដែលបានគាំទ្រទំាងបច្ចេកទេស សម្ភារៈ និងថវិកា សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃដោយមានសិក្ខាកាមចំនួន៣៨ នាក់ ដើម្បីឲ្យសហព័ន្ធត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។ ធ្វើឡើងដើម្បីឲ្យសិក្ខាកាមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលបំណងតម្រង់ទិសពង្រឹងពង្រីកគុណភាព និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតស្តង់ដារត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិពិតប្រាកដ៕

ដោយ៖លី ភីលីព

Most Popular

To Top