ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការស្រឡាញ់ភេទដូចគ្នា គឺខុសច្បាប់ នៅក្នុងប្រទេស មូស្លីមអភិរក្សនិយម ហើយកីឡាករបាល់ទាត់ ឆ្នើមមួយចំនួន បានលើកឡើង ពីការព្រួយបារម្ភអំពីសិទ្ធិ របស់អ្នកគាំទ្រ ដែលធ្វើដំណើរទៅ ចូលរួមព្រឹត្តិការណ៍នេះ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានអះអាងថា កងកម្លាំងសន្តិសុខ ក្នុងប្រទេសកាតាបានចាប់ខ្លួន និងរំលោភបំពាន លើអ្នកស្រឡាញ់ភេទ ដូចគ្នានៅកាតាតាមអំពើចិត្ត ដូចកាលពីខែមុន ។ របាយការណ៍នេះ កើតឡើងប៉ុន្មានសប្តាហ៍មុន ពេលរដ្ឋឈូងសមុទ្រអារ៉ាប់ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ ទាត់បុរសឆ្នាំ ២០២២ ។
HRW បានបន្តថា ខ្លួនបានសម្ភាសន៍ អ្នកស្រលាញ់ភេទដូចគ្នា ចំនួន៦នាក់ កាតារីស រួមទាំងស្ត្រីប្តូរភេទ ៤នាក់ ស្ត្រីទ្វេរភេទម្នាក់ និងបុរសស្រឡាញ់ ភេទដូចគ្នាម្នាក់ បានរាយការណ៍ថា ត្រូវបានឃុំខ្លួន នៅចន្លោះឆ្នាំ ២០១៩ និង ២០២២ ។ ពួកគេបាននិយាយថា ពួកគេត្រូវបានឃុំខ្លួន ដោយមិនមាន ការចោទប្រកាន់ ក្នុងពន្ធនាគារក្រោមដីមួយ នៅទីក្រុងដូហា ហើយទទួលរងនូវការបំពានពាក្យសម្ដី និងផ្លូវកាយ រួមទាំងការទាត់ និងដាល់ផងដែរ។
បុគ្គលម្នាក់បាន និយាយថា ពួកគេត្រូវបានឃុំខ្លួនរយៈពេល២ខែ ក្នុងការបង្ខាំងខ្លួនឯង ។ HRW បានបន្ថែមថា អ្នកទាំង ៦បាននិយាយថា ប៉ូលីសបានបង្ខំពួកគេ ឲ្យចុះហត្ថលេខា លើការសន្យាដែលបង្ហាញថា ពួកគេនឹងបញ្ឈប់ សកម្មភាពអសីលធម៌ ។
ក្រុមនេះបានបន្ថែមថា អ្នកជាប់ឃុំ ស្ត្រីកែភេទ ត្រូវបានបង្ខំឲ្យចូលរួមវគ្គ ព្យាបាលការប្រែចិត្ត នៅគ្លីនិកដែលឧបត្ថម្ភ ដោយរដ្ឋាភិបាល ។ ស្ត្រីកែភេទម្នាក់ ក្នុងចំណោម ស្រ្តីកាតាត្រូវបានសម្ភាសន៍ដោយ HRW បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានថា នាងត្រូវបានចាប់ខ្លួនជាច្រើនដង ដោយថ្មីៗនេះ ភាគច្រើននៅរដូវក្តៅនេះ នៅពេលនាងត្រូវបានឃុំខ្លួន ជាច្រើនសប្តាហ៍ ។
ស្ត្រីរូបនេះបានបន្តថា អាជ្ញាធរបានបញ្ឈប់ នាងដោយសារតែរូបរាង ឬសម្រាប់ការតុបតែងខ្លួន ដោយបន្ថែមថា នាងត្រូវបានគេវាយរហូតដល់ហូរឈាម និងបានកោរសក់ ៕