ភ្នំពេញ៖លោក ដួង មាសចំរើន អគ្គនាយករង តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមពិធីប្រកាសបើក សិក្ខាសាលា ស្តីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទា អាស៊ានពីអាយុ៧ ដល់២៤ឆ្នាំ នៅគ្រឹះស្ថាន សិក្សាចំណេះទូទៅ និងឧត្តមសិក្សា ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត។
លោក បឹង គីមតោ បាននិយាយថា ថ្ងៃនេះគឺ ជាទិវាមួយដ៏មហោឡារឹក ដែលនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិតទទួលបាន ការអនុញ្ញាតិជាគោលការណ៍ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំសិក្ខាសាលា ស្តីពី “ការរៀបចំចងក្រង ទិន្នន័យតេស្តកាយសម្បទាអាស៊ាន ពីអាយុ៧ ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សា ចំណេះទូទៅ និងឧត្តមសិក្សា” នៅនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នាពេលនេះ ។
លោកបានបន្តថា ការរៀបចំសិក្ខាសាលានាពេលនេះមានវត្ថុបំណងសំខាន់ចំនួន៦ គឺដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើវិស័យអប់រំកាយ និងកីឡា ពង្រឹងការអនុវត្តក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ជាតិឲ្យបានពេញលេញ២ម៉ោងក្នុងមួយសប្តាហ៍ ការរៀបចំចងក្រងទិន្នន័យតេស្ត កាយសម្បទាសិស្ស និស្សិតដែលកំពុងសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សា និងឲ្យក្លាយជាគ្រូបង្គោល ថ្នាក់ក្រោមជាតិតាមរាជធានី ខេត្ត ចូលរួមបំប៉នបុគ្គលិកអប់រំ លោកគូអ្នកគ្រូនៅ សាលារបស់ខ្លួន សាលាឧបសម្ព័ន្ធ កម្រង និងក្រុង ស្រុក ខណ្ឌរបស់ខ្លួន
លោកប្រធានបានបន្ថែមថា អ្នកពិនិត្យតាមដានវាយតម្លៃ និងបូកសរុបលទ្ធផល ប្រចាំឆ្នាំនៃការរៀបចំចងក្រងទិន្នន័យ តេស្តកាយសម្បទាសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅក្រោមឱវាទរបស់ខ្លួន ហើយថ្នាក់ក្រោមជាតិចូលរួម សហការជាមួយអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីរៀបចំចងក្រងតេស្ត
កាយសម្បទាកុមារ និងយុវជនពីអាយុ៧ ដល់២៤ឆ្នាំតាមរាជធានី ខេត្តទាំង២៥ រៀងរាល់ឆ្នាំ ។
ស្របតាមគោលបំណងខាងលើ ដើម្បីឆ្លើយតបចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដោតលើសមាសភាគអប់រំទាំង៥ រួមមានការអប់រំបញ្ញា អប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ្ឌ និងអប់រំកាយ និងកីឡា ក្នុងនោះការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន គឺជាការងារ មួយចាំបាច់ និងមានសារសំខាន់មួយ ដើម្បីឆ្លើយតប ទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរ ជាតិផងដែរ ។ ដោយឃើញពីគុណតម្លៃនៃមុខវិជ្ជាអប់រំកាយ និងកីឡា ទើបក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវការណែនាំសម្រាប់ផ្សព្វផ្សាយ ដល់ថ្នាក់ក្រោមជាតិ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងឧត្តមសិក្សានៅទូទាំងប្រទេស ឲ្យអនុវត្តន៍ការងារនេះជារៀងរាល់ឆ្នាំ ។
ដោយ៖លី ភីលីព