កីឡា

លោក អ៊ុក សិទ្ធិជាតិ ជួបសំណេះសំណាល ក្រុមអត្តពលិក ត្រៀមការប្រកួត SEA GAMES និងអាស៊ុនប៉ារ៉ាហ្គេម

ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមពិធីសំណេះសំណាល និងសួរសុខទុក ក្រុមជម្រើសជាតិត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី២៣ និងអាស៊ុនប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានប្រាប់ឲ្យដឹងថា ឆ្នាំ២០២១-២០២៣នេះ ក្រសួងបានច្របាច់បញ្ជូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឈានទៅសម្រិតសម្រាំង ជ្រើសរើសកីឡាករ ជម្រើសជាតិសរុប ៩៣៨នាក់ ក្នុងនោះកីឡាការិនី ៣៤៦នាក់) និងគ្រូបង្វឹកចំនួន១៧៦នាក់ មានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២នាក់ ។
កីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវបានរៀបចំឲ្យមានការហាត់ហ្វឹកហ្វឺន ក្នុងប្រទេសដូចជាពហុកីឡដ្ឋាន ជាតិមរតកតេជោ មាន ៩ប្រភេទកីឡា លើ១៦២វិញ្ញាសា អត្តពលិក ១៦១ នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ០៨នាក់ ។ ពហុកីឡដ្ឋានជាតិអូឡាំពិកមាន ១៧ប្រភេទកីឡា លើ២៣០វិញ្ញាសា អត្តពលិក ៣០៩នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៧នាក់ ) , និងនៅតាមសហព័ន្ធកីឡាជាតិមាន ១៤ប្រភេទកីឡាលើ១៨៦វិញ្ញាសា អត្តពលិក ២៨៣នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៤នាក់ ។

លោកបន្តថា អត្តពលិក ២២៦នាក់ ត្រូវបានបញ្ជូនឲ្យធ្វើការហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេសដូចជា សាធារណរដ្ឋប្រជាមានិតចិន មាន១២ប្រភេទ កីឡាលើ៧៨វិញ្ញាសា អត្តពលិក ១៤១នាក់ និងគ្រូបង្វឹកចំនួន ១៣នាក់ ហាត់ហ្វឹកហ្វឺន រយៈពេល ០៨ខែ សហរដ្ឋអាមេរិកមាន ៦ប្រភេទកីឡាលើ ១៣វិញ្ញាសា អត្តពលិក២៦នាក់ និង គ្រូបង្វឹក៤នាក់រយៈពេល៤ខែ ហើយប្រទេសបារាំងមាន ២ប្រភេទកីឡាលើ៣វិញ្ញាសា កីឡាករសរុប៣នាក់រយៈពេល ០៤ខែ និងនៅបណ្តាប្រទេសអាស៊ីរួមមាន ប្រទេសវៀតណាម ប្រទេសថៃ មីយ៉ាន់ម៉ា ប្រទេសអ៊ូបេគីស្ថាន ប្រទេសកាណាដា និងប្រទេសកូរ៉េខាងត្បូងមាន ១០ប្រភេទកីឡា៦៤វិញ្ញាសា អត្តពលិក ៨៧នាក់ និងគ្រូបង្វឹក១៤នាក់ ហាត់ហ្វឹកហ្វឺន រយៈពេល០៤ខែ។

លោកបន្ថែមទៀតថា ការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើស ជនពិការជាតិ សម្រាប់ចូលរួមប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយផ្អែកតាមការសម្រេចរបស់សហព័ន្ធកីឡា ជនពិការអាស៊ាន បានកំណត់ ប្រភេទកីឡាចំនួន១៣ ក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការជ្រើសរើសអត្តពលិកជនពិការ និងប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរយៈពេល ០៥ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា មានចំនួន ១៣ប្រភេទកីឡា កីឡាករសរុប ១៦៥នាក់ គ្រូបង្វឹក ៣១នាក់ និងអនុរក្ស ១៦នាក់ និងត្រូវបានរៀបចំឱ្យហាត់ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ក្រោមការគ្រប់គ្រងរបស់ឯកឧត្តម យី វាសនា និងមន្ត្រីបច្ចេកទេស មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ចូលរួមពិធីសំណេះសំណាល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣៕

Most Popular

To Top