ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡាជំរុញ ឲ្យការរៀបចំ ការងារគ្រប់ទម្រង់ ទាំងអស់ឲ្យទទួលបានជោគជ័យ ដើម្បីជាជំហានថ្មី មួយត្រៀមឆ្ពោះទៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ក្នុងកិច្ចប្រជុំនេះដោយមានការ អញ្ជើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដើម្បីបញ្ជាក់យ៉ាងច្រើនជុំវិញ ការត្រៀមរៀបចំកីឡាជាតិ លើកទី៣នេះ ។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៣នេះត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈ NOCC និង CAMSOC ជាអ្នកសហការ ដើម្បីជំរុញឲ្យការប្រកួតកីឡាដ៏ធំរៀងរាល់២ឆ្នាំ ម្តងនេះឲ្យរលូន ស្របទៅតាមលំនាំស្តង់ដាហ្គេមអន្តរជាតិ។ យើងបានបែងចែកការងារគ្នា និងបានរួមគ្នាធ្វើកិច្ចការនេះ ដោយ NOCC ជាអ្នកទទួលបន្ទុកក្នុងការរៀបចំព្រមទាំងពិធីសម្តែងកីឡា-សិល្បៈ នៃពិធីបើក-បិទទាំងមូល ។ កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើនីតិវិធី និងររៀបរបប នៃការរៀបចំកីឡាជាតិដែលមានកិច្ចការជាច្រើន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងការរៀបចំ ការប្រកួត និងសន្តិសុខ សណ្តាប់ឆ្នាប់ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោកបានបន្ថែមថា កាលពីកីឡាជាតិលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយការរៀបចំមានលក្ខណៈខុសគ្នាទាំងទីតាំង និងការរៀបចំជាដើម។ បទពិសោធនៃការរៀបចំកីឡាជាតិ២លើកកន្លងមកជាគំរូ ឬលំនាំមួយ ក្នុងការផ្តល់លក្ខណៈងាយស្រួលជាទម្រង់រួមគ្នា ដើម្បីយកទៅច្នៃប្រឌិតឲ្យកាន់តែលេចធ្លោ នាកីឡាជាតិលើកទី៣ នាខែក្រោយនេះ៕

