ក្រុមជម្រើសជាតិ បាល់ទាត់កូរ៉េខាងត្បូង ធ្លាប់ដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ដែលពេលនោះពួកគេសហការជាមួយជប៉ុន រៀបចំធ្វើជាម្ចាស់ផ្ទះ ។

សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ កូរ៉េខាងត្បូង ក៏នឹងមានវត្តមានប្រកួត ក្រោយជោគជ័យនៅវគ្គជម្រុះ ក្នុងតំបន់អាស៊ី (AFC)។ ពួកគេបានសំបុត្រយន្តហោះមកលេងនៅប្រទេសកាតា បន្ទាប់ពីយកបានចំណាត់ថ្នាក់លេខ២ក្នុងពូល A សម្រាប់ជុំទី៣ នៃវគ្គជម្រុះ ខណៈអ៊ីរ៉ង់នៅកំពូលតារាង។
ប្រវត្តិក្នុង World Cup

កូរ៉េខាងត្បូងធ្លាប់ឡើងមកលេងនៅ World Cup ចំនួន១០ (មិនទាន់រាប់បញ្ចូលនៅកាតា) ក្នុងនោះនៅឆ្នាំ១៩៥៤,១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤ និង២០១៨ ។ ២០០២ ជាឆ្នាំដែលពួកគេជោគជ័យបំផុត ដោយប្រជែង បានចំណាត់ថ្នាក់លេខ៤ ក្រោយលេងចាញ់ជម្រើសជាតិទួកគី ៣-២ ក្នុងការប្រកួតកាត់សេចក្ដី នៅក្នុងកីឡដ្ឋាន Daegu ដែលមានមូលដ្ឋាន ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់៦៣ ៤៨៣នាក់ ។
កីឡាករសំខាន់របស់ក្រុម

ខ្សែបម្រើប្រយុទ្ធ Son Heung-min គឺជាកីឡាករសំខាន់ និងលេចធ្លោបំផុតក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ហើយក៏ជាប្រធានក្រុមផងដែរ ។ កីឡាករវ័យ៣០ឆ្នាំបានជាប់ ក្នុងក្រុមធំតាំងតែពីឆ្នាំ២០១០ ហើយពេលនេះបង្ហាញ ខ្លួនបាន១០៤ប្រកួតនិងរកបាន៣៥គ្រាប់។

រដូវកាលមុននៅ Premier League ខ្សែប្រយុទ្ធរបស់ក្លឹប Spurs រូបនេះទទួលបានស្បែកជើងមាស ក្រោយរកបាន២៣គ្រាប់ក្នុងមួយរដូវកាល ស្មើគ្នាជាមួយ Mohamed Salah របស់ក្លឹប Liverpool ។
ឯកសណ្ឋាន

អាវរបស់កូរ៉េខាងត្បូងសម្រាប់ World Cup ឆ្នាំ២០២២មានពីរពណ៌គឺក្រហមនិងខ្មៅចម្រុះពណ៌។ អាវរបស់ពួកគេត្រូវបានផលិតឡើងដោយក្រុមហ៊ុន Nike។ អាវក្នុងដីពណ៌ក្រហមច្នៃបែបក.បើក មានក្រឡាៗខ្លានៅផ្នែកដៃតំណាងឲ្យកម្លាំងនិងថាមពល ឯខាងឆ្វេងនៃអាវមានរូបខ្លាដែលតំណាងឲ្យរហស្សនាមក្រុមខ្លួន (The Tigers of Asia) និងមានពាក្យ KOREA នៅខាងក្រោម។

ចំណែកឯអាវក្រៅដីមានក.មូលនិងរំលេចពណ៌ Taeguek ដែលជានិមិត្តសញ្ញានៅលើទង់ជាតិកូរ៉េដែលតំណាងឲ្យមោទកភាពនិងតុល្យភាពរវាងមេឃពណ៌ខៀងនិងផែនដីពណ៌ក្រហម ៕
