កីឡា

ក្រសួងសារធារណការ និងដឹកជញ្ជូន ដណ្តើមមេដាយច្រើនជាងគេ ការប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ ក្លិបហែលទឹកក្រសួងសារធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ រហូតដល់២១គ្រឿង នៃការប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ (The 5th HEM THON National Junior Swimming Championships 2022) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលរៀបចំដោយសហព័ន្ធខែ្មរកីឡាហែលទឹក។

ក្នុងឳកាសពិធីបិទ និងប្រគល់ជយលាភី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក បុង ប៊ុនហួន រដ្ឋលេខា ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ខ្មែរកីឡាហែលទឹក និងអ្នកតំណាងឲ្យនាយកដ្ឋានកីឡា និងអង្គភាពកីឡា។  

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខែ្មរកីឡាហែលទឹក បានមានប្រសាសន៍ថា ការប្រកួតកីឡាហែលទឺក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ មាន៨ក្លិបរួមមានក្លិបហែលទឹក ក្រសួងសារធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែមថុន ក្លិបហែលទឹកខេត្តបាត់ដំបង ក្លិបហែលទឹកខេត្តសៀមរាប ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកក្រសួងមហាផ្ទៃ។ ការប្រកួតឆ្នាំនេះកីឡាករ-កីឡាការិនីចូលរួមប្រកួត ចំនួន៨៣នាក់ រួមមាន៖ប្រភេទទី១ ៖ កុមារ៉ា កុមារី អាយុចាប់ពី ១០ឆ្នាំ ដល់ ១២ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)ប្រភេទទី២ ៖កុមារ៉ា កុមារី អាយុចាប់ពី ១៣ឆ្នាំ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)  និងប្រភេទទី៣ ៖-យុវជន យុវនារី អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)។

លោកបានបន្តថា ការប្រកួតនេះធ្វើឡើង រំលឹកនូវគុណូបការៈ និងស្នាដៃរបស់ ព្រឹទ្ធាចារ្យ ហែម ថុនបានខិតខំប្រឹងប្រែងរៀបចំសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យកកើតឡើងវិញ តាំងពីរបបសម័យសង្គ្រាមប្រល័យពូជសាសន៍ និងអាចដំណើរការមក ដល់ពេលបច្ចុប្បន្ននេះ ។ ការរៀបចំកម្មវិធីប្រកួតកីឡាហែលទឹកនេះ ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដែលយើងរំលឹកនូវស្នាដៃរបស់ ព្រឹទ្ធាចារ្យ ហែម ថុន បានប្រឹងប្រែង ពុះពារ សម្រាប់ការប្រកួតកន្លងមក ហើយម្យ៉ាងទៀតដើម្បីបំផុសវិស័យ កីឡាហែលទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស គឺផ្តល់ឱកាស ឱ្យកីឡាករ កីឡាការិនីវ័យក្មេង បានចូលរួមការប្រកួត បង្ហាញទេពកោសល្យ និងសមត្ថភាព ដើម្បីយល់ដឹងពីរការប្រកួតទទួលបានបទពិសោធន៍។

ចំណែកក្លិបហែលទឹកក្រសួងសារធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ ២១គ្រឿង ក្រសួងព័ត៌មានដណ្តើមបានមេដាយ៩គ្រឿង ក្លិបព្រឹទ្ធាចារ្យ ហែមថុនដណ្តើមបានមេដាយ ១៨គ្រឿង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ ៨គ្រឿង ក្លិបនាគរាជខេត្តកំពង់ចាម ដណ្តើមបានមេដាយ៦គ្រឿង ចំពោះខេត្តសៀមរាបណ្តើមបាន មេដាយ២គ្រឿង និងខេត្តបាត់ដំបងណ្តើមបានមេដាយ២គ្រឿង៕

Most Popular

To Top