ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ១៨ គ្រឿង សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នៃព្រឹត្តការណ៍ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ ជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយ សហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

ក្នុងឱកាសពិធីបិទ និង ប្រគល់ មេដាយ ជូនកីឡាករ-កីឡាការិនី ការប្រកួតខាងលើកនេះ ដោយមានការ អញ្ជើញ លោក កែវ រ៉េមី ប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងសមាជិក ប្រតិបត្តិសហព័ន្ធ និងអ្នកតំណាង រាជធានីខេត្ត ក្រសួង ។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តប៉ៃលិនដណ្តើមមេដាយមាស ២គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង តាកែវដណ្តើមមាស ២គ្រឿង ភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿងខេត្តបាត់ដំបូង និងខេត្តតាកែវទទួលមេដាយសំរិទ្ធ ១ គ្រឿង ។

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

លោក បួនហ៊ីង សុធីយ៉ា បានមានប្រសាសន៍ថា កីឡាតេក្វាន់ដូ ITF ប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១២ ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ ៕

