កីឡា

ខេត្តព្រៃវែង ដណ្តើមមេដាយមាស ៧គ្រឿង នៃកីឡាហែលទឹក ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ឆ្នាំនេះ

ភ្នំពេញ ៖ ខេត្តព្រៃវែង ដណ្តើមមេដាយមាស៧គ្រឿង ច្រើនជាងគេ ខណៈក្រសួងមហាផ្ទៃ តាមពីក្រោយ នៃព្រឹត្តការណ៍ការប្រកួត កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធ និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បុង ប៊ុនហួន រដ្ឋលេខា ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ខ្មែរកីឡាហែលទឹក លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា និងអ្នកតំណាងអង្គភាពកីឡា ។

ខេត្តព្រៃវែង ដណ្តើមមេដាយដណ្តើម មេដាយមាស ៧ គ្រឿង ប្រាក់ ៥ និងសំរិទ្ធ ២ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៤ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ភ្នំពេញដណ្តើមមេដាយមាស ៤ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកណ្តាលដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៤ គ្រឿង និងខេត្តបាត់ដំបង ដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ២ គ្រឿង ។

ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៧ គ្រឿង ខេត្តកោះកុងដណ្តើមមេដាយមាស ១ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ១គ្រឿង និងខេត្តកំពង់ចាមដណ្តើមមេដាយប្រាក់ ២គ្រឿង និងសំរិទ្ធ ៣គ្រឿង។

ប្រភេទកីឡាហែលទឹកជនពិការវិញ ៖ ខេត្តកំពតដណ្តើមមេដាយមាស ៣ គ្រឿង និងប្រាក់ ១ គ្រឿង ខេត្តកំពង់ចាមដណ្តើម មេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ខេត្តកណ្តាលដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកែបដណ្តើម មេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តត្បូងឃ្មុំដណ្តើមមេដាយ ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ស្ពឺមេដាយប្រាក់ ១ គ្រឿង ។

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹង ធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធ បាននិយាយថា ចំពោះកីឡាហែលទឹកប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង-រាជធានីខេត្តទាំង៨ ចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង ៕

Most Popular

To Top