ភ្នំពេញ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក វ៉ា ស៊ិនភីរម្យ អនុប្រធានទី១នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២។
លោក ទុក ប៊ុនហឿន អគ្គលេខាធិការបាននិយាយថា ការប្រកួតនេះ មានរាជធានីខេត្ត និងក្រសួងចូលរួមចំនួន១៣ដោយមាន កីឡាករ-កីឡាការិនី៩៩នាក់ ក្នុងនោះកីឡាការិនី១១នាក់ រួមមានក្រសួងការពាជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និងខេត្តកែប។
លោក តែម ម៉ឺនបានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង ការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ នេះ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-ឡាការិនីបានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសកីឡាករ- កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបន្តថា នេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បាន ដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់តែ មានភាព ទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករកីឡាការិនី បន្ថែមទៀត ។ វិស័យកីឡាទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំ ពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលខាងមុខនេះ។ យើងទាំងអស់គ្នា សូមអរគុណ សន្តិភាព ដែលផ្តល់ឱកាសអោយយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ៕ដោយ៖លី ភីលីព