កីឡា

លោក ហង់ ជួនណារ៉ុន ប្រកាសបិទការប្រកួត កីឡាតេក្វាន់ដូ WT ក្នុងប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ជាផ្លូវការ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ១០ គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៣ គ្រឿងនៃកីឡាតេក្វាន់ដូ WTក្នុងព្រឹត្តការណ៍ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ព្រមទំាងអ្នកតំណាងក្រសួង រាជធានីខេត្តទាំង១៤។

លោក ជ្រិន សុធា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា សម្រាប់កីឡាតេក្វាន់ដូ WT ប្រព្រឹត្តទៅចាប់ថ្ងៃទី២៣-២៧ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១៤ចូលរួមរួមមាន ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត  ខេត្តព្រៃវែ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យខេត្តរតនគិរី ខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លើក២១វិញ្ញាសា។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ១០ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខណៈក្រសួងការពារជាតិដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់ ៥គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តបាត់ដំបូងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តកំពង់ចាមដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តប៉ៃលិនដណ្តើមមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការរៀបចំការប្រកួតប្រភេទកីឡាតេក្វាន់ដូWT បានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាព ដល់អ្នកចូលរួម និងសូមថ្លែងអំណរគុណផងដែរ ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួត បានល្អប្រសើរ។ 

ក៏សូមថ្លែងអំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាស ដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិលើកទី៣នេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។ 

តាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត ឃើញថាប្អូនៗកីឡាករ-កីឡាការិនី ទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ។ ហើយខ្ញុំ  សង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត ធម្មតាការប្រកួត តែងតែមានចាញ់ មានឈ្នះហើយ។

ទន្ទឹមនឹងនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ  ព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវការពារខ្លួនជាប់ជានិច្ចពី     ជំងឺកូវីដ-១៩ ដោយអនុវត្ត ៣កុំ ៣ការពា

ដោយ៖លី ភីលីព

Most Popular

To Top