កីឡា

ខ្លាច​ដូច​ជប៉ុន! ​គ្រូ​អេស្ប៉ាញ ​ឱ្យ​កីឡាករ​ហាត់​ប៉េណាល់ទី​ឱ្យ​បាន​១​ពាន់​ដង

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ារុក​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ FIFA World Cup 2022 ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រាត្រី​នេះ។

​មុន​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ចាប់​ផ្ដើម ​លោក Luis Enrique ​បាន​បញ្ជាក់​ថា​ត្រៀម​រួច​រាល់​អស់​ហើយ ទាំង​ការ​លេង​ពេញ​១២០​នាទី ​ការ​ទាត់​ប៉េណាល់ទី​ជា​ដើម។ ​លោក​បាន​ប្រាប់​ទៅ​កីឡាករ​អេស្ប៉ាញ​តាំង​ពី​១​ឆ្នាំ​មុន​ម្ល៉េះ ​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់​ប៉េណាល់ទី​យ៉ាងតិច​ណាស់​ឱ្យ​បាន​១០០០​ដង ព្រោះ​ការ​ទាត់​១១​ម៉ែត្រ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​មែនទែន។ ​លោក​មិន​ចង់​ពឹង​លើ​ផ្សេង​វាសនា​ចូល​ឬ​មិន​ចូល​នោះ​ទេ។

​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “ប្រហែល​១​ឆ្នាំ​មុន ​ខ្ញុំ​បាន​ប្រាប់​ទៅ​កីឡាករ​ទាំង​អស់ ​ថា​ពួកគេ​ត្រូវ​ធ្វើ Homework ​ទាត់​ប៉េណាល់ទី​មុន​ការ​ប្រកួត World Cup ​ឈាន​ចូល​មក​ដល់។ ​អ្នក​ត្រូវ​ហាត់​ទាត់​យ៉ាង​តិច​ឱ្យបាន​១០០០​ដង​នៅ​ក្លឹប​អាជីព។ អ្នក​មិន​អាច​ទើប​តែ​បង្ហាត់​ពួកគេ​ពេល​នៅ​ជម្រើស​ជាតិ​នោះ​ទេ។ ​ខ្ញុំ​មិន​គិត​ថា​ជា​ការ​ផ្សង​សំណាង​ឡើយ ប្រសិន​បើ​អ្នក​ហាត់​ខ្លាំង ​នោះ​វិធី​ដែល​អ្នក​ទាត់​ប៉េណាល់ទី​ក៏​បាន​ល្អ​ប្រសើរ​ដែរ។ ​វា​មិន​មែន​ពឹង​លើ​សំណាង​ឡើយ។ អ្នក​ចាំទី​របស់​យើង​ក៏​ត្រូវ​ហ្វឹកហាត់​បាន​យ៉ាង​ល្អ​ដូច​គ្នា​សម្រាប់​ការ​ទាត់​ប៉េណាល់ទី​នេះ”៕

ប្រភព៖sabay

Most Popular

To Top