ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកលជ្រើសរើសជើង ឯកជាតិឆ្នាំ ២០២២ បានបញ្ចប់ដោយរលូន និងដោយជោគជ័យ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា ប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតនេះមានសមាគម ក្លិបចំនួន១៦ចូលរួម ដោយមានកីឡាករចំនួន៨៣រូប និងកីឡាការិនី៦រូប។ សម្រាប់កីឡាករមាន ៩ប្រភេទទម្ងន់គឺ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥០គីឡូក្រាម ៦៧គីឡូក្រាម ៧១គីឡូក្រាមនិងទម្ងន់៧៥គីឡូក្រាម។ចំពោះកីឡាការិនីមានតែ២ប្រភេទទម្ងន់ប៉ុណ្ណោះគឺទម្ងន់៥៤គីឡូក្រាមនិង៥៧គីឡូក្រាម ។

ក្រសួងមហាផ្ទៃ ដែលឈរនៅលំដាប់កំពូលនោះ ដណ្ដើមបានមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង ខេត្តកណ្ដាលបាន មេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង រាជធានីភ្នំពេញ មេដាយមាស២គ្រឿង ក្រួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមេដាយមាស ២គ្រឿង ក្រសួងការពារជាតិមេដាយមាស១គ្រឿង ក្លិបសរសីកីឡាមេដាយមាស១គ្រឿងសំរិទ្ធ១គ្រឿង ក្លិបតាឡីដំរីមានរិទ្ធមេដាយប្រាក់១គ្រឿងនិងសំរិទ្ធ៤គ្រឿង។
ក្លិបវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ និងក្លិបកងដឹកជញ្ជូន បានមេដាយប្រាក់១គ្រឿងដូចគ្នា ក្លិបព្រែកឯងកីឡាមេដាយសំរិទ្ធ៤គ្រឿង ក្លិបខេត្តមណ្ឌលគីរី មេដាយសំរិទ្ធ៣គ្រឿងក្លិបតាឯកដំបងដែកព្រៃវែងមេដាយ សំរិទ្ធ២គ្រឿង ក្លិបខេត្តកំពតមេដាយសំរិទ្ធ១គ្រឿង ។
លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការ អះអាងថាការប្រកួតឆ្នាំនេះ ទាំងក្លិបទាំងកីឡាករ កីឡាការិនីមានការកើនឡើង តែកីឡាការិនីការចូលរួម នៅមានការចូលរួមតិចតួចនៅឡើយ ៕


