ភ្នំពេញ ៖ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្លិបកីឡា វាយកូនឃ្លីលើតុ SCE បញ្ជូនគ្រូបង្វិក ២ នាក់ អត្តពលិក៥នាក់ ចូលរួមការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ក្រោមការទទួលខុសត្រូវ បដិសណ្ឋារកិច្ច និងរៀបចំការប្រកួត ដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្រោមការគាំទ្រនិងឧបត្ថម្ភពី ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ឃុន ផានិត បាននិយាយថា ក្លិបកីឡាវាយ កូនឃ្លីលើតុ SCE បញ្ជូនគ្រូបង្វិក ២ នាក់ និង អត្តពលិក៥នាក់ សរុប ៧ នាក់នេះ ជាចូលរួមលើកដំបូង ក្លិបកីឡា វាយកូនឃ្លីលើតុ ដោយយើងចូលរួម តាមប្រភេទ វិញ្ញាសា ត្រូវប្រកួតបែងចែកជា ២ ក្របខណ្ឌ(ក១ និង ក២) ចំណែកការប្រកួតលោក សង្ឃឹមនឹងទទួលបានលទ្ធផលល្អ ចំពោះកីឡាករ-កីឡាការិនី របស់លោក ។

ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមមានចំនួន ១៥ក្រុម ក្នុងនោះចំនួនប្រតិភូសរុប៦នាក់ គ្រូបង្វឹក និង គ្រូជំនួយសរុប ១៩នាក់ កីឡាករសរុបចំនួន ៧៥នាក់ កីឡាការិនីសរុបចំនួន ១៣នាក់ សរុបរួមទាំងអស់ ១១៣នាក់ ប្រភេទវិញ្ញាសាត្រូវប្រកួតបែងចែកជា ២ ក្របខណ្ឌ(ក១ និង ក២) រួមមាន ១០វិញ្ញាសា។
ក្នុងឳកាសការប្រកួតនេះ ក្នុង ន័យចូលរួមអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា ១៩៧៩-២០២៣ សូមអ្នកស្នេហាវិស័យកីឡា វាយកូនឃ្លីលើតុ ទាំងអស់ចូលរួមគាំទ្រ ឧបត្ថម្ភ និង លើក ទឹកចិត្តដល់ កីឡាករ-កីឡាការិនី ដើម្បីឲ្យកីឡាវាយកូនឃ្លីលើតុកម្ពុជា កាន់តែរីកចម្រើនឆ្ពោះ ទៅមុខថែមទៀត ៕


