ក្លឹប Bayern Munich ដកចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane ពីក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានអាល្លឺម៉ង់ SportBild។
មូលហេតុដែលក្លឹបយក្សអាល្លឺម៉ង់មួយនេះ ឈប់ចង់ទិញ Kane ក៏ព្រោះតែផ្ទៃក្នុងរបស់ក្លឹបយល់ថា ការនាំចូលកីឡាករអង់គ្លេសមានភាពលំបាកពេក ទោះបីជាកីឡាកររូបនេះផុតកុងត្រាជាមួយ Spurs នៅឆ្នាំ២០២៤។
បន្ថែមពីនេះទៅទៀត Kane ជារឿយៗតែងតែបង្ហាញចំណាប់អារម្មណ៍ ក្នុងការបន្តលេង ដើម្បីដណ្ដើមពានឱ្យ Spurs ទៀតផង។ កីឡាករតម្លៃ ៩៥លានដុល្លារអាមេរិករូបនេះ ធ្លាប់ត្រូវបានក្លឹបធំៗជាច្រើន ចូលចែចូវជាច្រើនឆ្នាំមកហើយ តែនៅមិនបានសម្រេច។
Kane ផ្ដើមអាជីពតាំងពីឆ្នាំ២០១០ មក ហើយតាំងពីនោះមក គេរកបាន ២៧៨គ្រាប់ក្នុង ៤៧៥ប្រកួត សម្រាប់ប្រកួតគ្រប់កម្មវិធីក្នុងអាជីពក្លឹបបាល់ទាត់ រីឯក្នុងក្រុមអង់គ្លេសវិញ កីឡាកររូបនេះផ្ដើមលេងតាំងពីឆ្នាំ២០១៥ ហើយរកបាន ៥៣គ្រាប់ ក្នុង ៨០ប្រកួត៕ Source: Sabay