កីឡា

ក្លិបកីឡាវាយកូនឃ្លីលើតុ SCE ឈ្នះមេដាយ៤គ្រឿង ខណៈក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក ការប្រកួតជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធ លើកទី២

ភ្នំពេញ ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ SCE ដណ្តើមមេដាយ ៤ គ្រឿងសម្រាប់ការបង្ហាញ វត្តមានដំបូងរបស់ខ្លួន ខណៈក្លិបកីឡាវាយកូនឃ្លី លើតុក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ច្រើនជាងគេ នៃការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរសាទររូប អនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ ក្រោមការទទួលខុសត្រូវ បដិសណ្ឋារកិច្ច និងរៀបចំការប្រកួត ដោយសហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា ក្រោមការគាំទ្រនិងឧបត្ថម្ភពី ក្រសួងអប់រំ យុវជន និងកីឡា ។

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោក នាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ ។

លោក ឃុន ផានិត បាននិយាយថា ក្លិបកីឡាវាយកូនឃ្លី លើតុ SCE បញ្ជូនគ្រូបង្វិក ២ នាក់ និងអត្តពលិក៥នាក់ សរុប ៧ នាក់ នេះជាចូលរួមលើកដំបូង ក្លិបកីឡាវាយកូនឃ្លីលើតុយើង ទទួលបានមេដាយ ៤គ្រឿង ក្នុងនោះមេដាយប្រាក់ ១គ្រឿង និង មេដាយសំរិទ្ធ ៣គ្រឿងជាលទ្ធផលដ៏ល្អ សម្រាប់ក្លិបកីឡា វាយកូនឃ្លីលើតុ SCE ។ ក្លិបរបស់លោកទទួលបាន ឧបត្ថម្ភពីក្រុមហ៊ុន SCE ជូនកីឡាករ-កីឡាការិនី វាយកូនឃ្លីលើតុ ដែលជាការលើក ស្ទួយវិស័យកីឡាប្រភេទក្នុងប្រទេសកម្ពុជា និងសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ។

លោក ស៊ុន សុទ្ធារិទ្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានក្រុមចូលរួមមានចំនួន ១៥ក្រុម ក្នុងនោះចំនួនប្រតិភូសរុប៦នាក់ គ្រូបង្វឹក និង គ្រូជំនួយសរុប ១៩នាក់ កីឡាករសរុបចំនួន ៧៥នាក់ កីឡាការិនីសរុបចំនួន ១៣នាក់ សរុបរួមទាំងអស់ ១១៣នាក់ ប្រភេទវិញ្ញាសាត្រូវប្រកួតបែងចែកជា ២ ក្របខណ្ឌ(ក១ និង ក២) រួមមាន ១០វិញ្ញាសា ។ ក្នុងឳកាសការប្រកួតនេះក្នុងន័យចូលរួមអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា ១៩៧៩-២០២៣ សូមអ្នកស្នេហាវិស័យកីឡា វាយកូនឃ្លីលើតុ ទាំងអស់ចូលរួមគាំទ្រ ឧបត្ថម្ភ និង លើកទឹកចិត្តដល់ កីឡាករ-កីឡាការិនី ដើម្បីឲ្យកីឡាវាយកូនឃ្លីលើតុកម្ពុជា កាន់តែរីកចម្រើន ឆ្ពោះទៅមុខថែមទៀត៕

Most Popular

To Top