ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការពីសំណាក់លោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា ព្រមទំាងជាប្រធានកិត្តិយស ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន និងលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅកីឡដ្ឋាន វិទ្យាល័យបឹងត្របែក ។
លោក អ៊ុក សំណាង ប្រធានគណៈកម្មការរៀបចំការប្រកួត និងប្រធានក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ានបានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់ អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្រុមបាល់ទាត់ទំាង ៦ ក្រុមឈ្នះទំាងអស់គ្នា ទោះបីមានក្រុមណាមួយពិន្ទុច្រើនជាងគេក៏ដោយ ពីព្រោះការប្រកួតនេះរៀបចំជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ។ ដើម្បីឲ្យក្រុមទាំងអស់គ្នាមានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព ! ។
លោកប្រធានក្លិបបានបន្តថា ការប្រកួតក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាក៏ដូចជាកៀងគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យ ចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខផ្សេងៗបាន និងពង្រឹង សុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ ។
លោក ឡោក ឆាយ បានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះលោកបានមើលឃើញក្រុមកីឡាបាល់ទាត់មានការរីកចម្រើនច្រើនទំាងសមត្ថភាព និងបច្ចេកទេសការប្រកួត ព្រមទំាងប្រកួតប្រកបដោយ ល្អប្រសើរនៅលាន។ ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន ដោយក្រោមការ ផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរ ចំពោះកីឡាករទំាងអស់ ចូលរួមក្នុងក្លិបបាល់ទាត់នេះ។ ការបង្កើតមានគោលទិសពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់ ។
សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន៦គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់គណៈមេធាវី ក្លិបកីឡាបាល់ទាត់បុរីរ៉ាត់ VIP ក្លិបកីឡាបាល់ទាត់គ្រុឌមាស ខេត្តសៀមរាប ក្លិបកីឡាបាល់ទាត់ វ័យចំណាស់ VIP ខេត្តកំពត និងក្លិបកីឡាបាល់ទាត់មិត្តល្អមានជ័យ។n