កីឡា

ក្រុមកសិដ្ឋាន ផលិតពូជត្រី ៧មករា និងយុវជនស្រលាញ់សន្តិភាព ទទួល១ពិន្ទុដូចគ្នា នៃពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់កសិដ្ឋាន ផលិតពូជត្រី៧មករា និងក្រុមបាល់ទាត់យុវជន ស្រលាញ់សន្តិភាព រកបាន១ពិន្ទុដូចគ្នាក្នុងពូល “B” បន្ទាប់ពីក្រុមទំាំង២ បានត្រឹមលេងស្មើគ្នា ក្នុងលទ្ធផលបច្ចេកទេស ០ទល់០ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ ។

ចំពោះពូល “B” ដដែលក្រុមបាល់ទាត់យុវជនស្រុកកៀនស្វាយ បានយកឈ្នះ លើក្រុមបាល់ទាត់ស្នងការនគរបាល ខេត្តកណ្តាល ក្នុងលទ្ធផលបច្ចេកទេស ៣ទល់០ ដូច្នេះក្រុមបាល់ទាត់យុវជនស្រុកកៀនស្វាយ ឈរកំពូលតារាង បណ្តុះ អាសន្នក្នុងពូល ។ ចំណែកពូល “A” ក្រុមបាល់ទាត់យុវជនស្រុកអង្គស្នូល ក៏លេងស្មើនឹងក្រុមបាល់ទាត់ស្វាយរលំ FC ទទួលបាន១ពិន្ទុដូចគ្នា ។

ក្រុមបាល់ទាត់ TN កណ្តាល FC ទទួលបាន ៣ ពិន្ទុក្រោយយកឈ្នះលើ ក្រុមបាល់ទាត់យុវជន ស្រុកកណ្តាលស្ទឹង ក្នុងលទ្ធផលបច្ចេកទេស៥ទល់០ ដូច្នេះធ្វើឲ្យក្រុមបាល់ទាត់ TN កណ្តាល FC ឈរកំពូលតារាងបណ្តុះអាសន្ន ។ ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។

ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។

ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទី បានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល ។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល ៕

Most Popular

To Top