ក្លឹបបិសាចក្រហម Manchester United បានចេញវិន័យថ្មីមួយ ដែលគេហៅថា «វិន័យ Ronaldo» ដែលជាការកម្រិតប្រាក់ឈ្នួលកីឡាករត្រឹម ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Sport Bible។
ការកម្រិតប្រាក់ឈ្នួលនេះធ្វើឡើងក្រោមរដ្ឋបាលរបស់លោក Richard Arnold នាយកប្រតិបត្តិរបស់ក្លឹប រួមជាមួយនាយកផ្នែកបាល់ទាត់លោក John Murtough និងអ្នកចាត់ការ Erik ten Hag។ មូលហេតុដែលចេញគំនិតបែបនេះឡើង ក៏ព្រោះតែខាងគណៈគ្រប់គ្រងក្លឹប ចង់បំបាត់វប្បធម៌ច្រណែនគ្នា នៅក្នុងចំណោមក្រុមកីឡាករ។
សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo មានប្រាក់ប្រចាំសប្ដាហ៍ រហូតដល់ទៅប្រមាណ ៥១ម៉ឺនផោនក្នុងមួយសប្ដាហ៍ កាលនៅលេងជាមួយ Man Utd។
ទោះជាបែបនេះក្ដី វិន័យថ្មីនេះនឹងប៉ះពាល់កីឡាករចំនួន ៦រូប ដែលមានប្រាក់បំណាច់លើសពី ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កីឡាករទាំង ៦មានដូចជា អ្នកចាំទី David De Gea ខ្សែការពារស្លាប Luke Shaw និងកីឡាកររៀមច្បងមួយចំនួនទៀត។ អ្នកទាំង ៦នឹងត្រូវកាត់ប្រាក់ឈ្នួលឱ្យត្រឹម ២០ម៉ឺនផោន។
មតិមួយចំនួនបានធ្វើការរិះគន់ នឹងចំណាត់ការនេះ។ បុគ្គលល្បីៗដូចជាអតីតកីឡាករ Manchester United លោក Gary Neville យល់ថា វិន័យបែបនេះនឹងធ្វើឱ្យកីឡាករកំពូលៗ គេចចេញពីក្លឹបបិសាចក្រហម៕ Source: Sabay