ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី អុកចត្រង្គកម្ពុជា ដណ្តើមមេដាយមាស ៣ គ្រឿងលើ ៦វិញ្ញាសា នៃព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២៣ នៅប្រទេសកម្ពុជាដែលជា ការប្រកួតក្នុងដំណើរឆ្ពោះទៅ កាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួជាផ្លូវការ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES 2023 លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក គុជ គីមឡុងប្រធានសហព័ន្ធអុកចត្រង្គកម្ពុជា។

សម្រាប់ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២៣ កម្ពុជាឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង វៀតណាមឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង មីយ៉ាន់ម៉ាឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងថៃ ប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។

លោក គុជ គីមឡុង បានមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គជើងឯក អាស៊ីអាគ្នេយ៍លើកទី១ នេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ អំពីបទបញ្ហាបច្ចេកទេស លក្ខន្តិកៈ ដល់អាជ្ញាកណ្តាល ចៅក្រម កីឡាករ-កីឡាការិនីអន្តជាតិ ក៏ដូចជាមានការប្រកួតលក្ខណៈមិត្តភាព កីឡាអុកចត្រង្គរវាងកីឡាករ-កីឡាការិនី របស់ប្រទេសកម្ពុជាជាមួយនឹងកីឡាករ-កីឡាការិនី របស់ប្រទេសចូលរួមក្នុងកម្មវិធីនេះ មានដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម ព្រមទាំងបង្កើនបទពិសោធន៍ដល់ មន្ត្រីបច្ចេកទេស ចៅក្រម-អាជ្ញាកណ្តាល ក្នុងការត្រៀមរៀបចំការប្រកួតកី SEA GAMES 2023 ម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ៕

