មនុស្សជាង ២៤០ លាននាក់ ជុំវិញពិភពលោក លេងបាល់ទាត់ជារៀងរាល់ថ្ងៃ ។ នេះបើតាមសហព័ន្ធ សមាគមកីឡាបាល់ទាត់ អន្តរជាតិ ឬ Federation Internationale de Football Association ហៅកាត់ថា FIFA។ កីឡានេះបានវិវត្តពីល្បែងទាត់បាល់ ធ្វើពីស្បែកសត្វ រហូតមកក្លាយជាបាល់ទាត់ World Cup សម័យទំនើប ។
ប្រវត្តិសាស្ត្រ នៃកីឡាបាល់ទាត់ ត្រូវបានគេកត់ត្រាដោយត្រលប់ ទៅកាន់ប្រទេសចិន បុរាណកាលពីជាង ២ ៣០០ ឆ្នាំមុន ។ ក្រោយមកប្រទេសក្រិក រ៉ូម និង ផ្នែកខ្លះនៃអាមេរិកកណ្ដាលក៏បានអះអាងថាពួកគេក៏បានចាប់ផ្ដើមកីឡានេះផងដែរ។ ប៉ុន្តែ មានតែប្រទេសអង់គ្លេសតែមួយគត់ ដែលបានអភិវឌ្ឍល្បែងនេះ ដោយឆ្លងការវិវត្តច្រើន ដំណាក់កាលរហូតក្លាយជាកីឡាបាល់ ទាត់សម័យទំនើប ដូចដែលយើងឃើញសព្វថ្ងៃ ។
បាល់ទាត់នៅចិនបុរាណ កាលពីជាង ២ ៣០០ ឆ្នាំមុន
កីឡាបាល់ទាត់ដែលកើតដំបូងបំផុត ក្នុងសម័យចិនបុរាណឲ្យឈ្មោះថា cuju ដែលត្រូវបានបង្កើតឡើង រវាងសតវត្សទី៣មុនគ.ស ។ បាល់ទាត់សម័យនោះស្រដៀងនឹងបាល់ទាត់បច្ចុប្បន្នដែរ ដែលមានកីឡាករ២ក្រុម ដោយម្ខាងៗមានគ្នាពី ១២ ទៅ ១៦នាក់ ។ សំណាញ់ទីមានតែ១ប៉ុណ្ណោះ ស្ថិតនៅចំកណ្តាលទីលាន ហើយ គូបដិបក្ខទាំងសងខាង ព្យាយាមទាត់បាល់បញ្ចូលទី ពោល គឺគ្មានអ្នកចាំទីឡើយ។
ក្រោយមក cuju ក៏មានសំណាញ់ទី២ នៅចំកណ្តាលទីលាន ដែលក្រុមនីមួយៗ មានសំណាញ់ទីរៀងៗខ្លួន ប៉ុន្តែគេមិនច្បាស់ទេថា បាល់ទាត់នៅសម័យចិនបុរាណ ត្រូវទាត់ប៉ុន្មានគ្រាប់ទើបឈ្នះ ហើយ កំណត់ពេលវេលាប៉ុន្មាន។
អង់គ្លេសអភិវឌ្ឍបាល់ទាត់ ក្លាយមកជាកីឡាសម័យទំនើប
ដោយឡែក អង់គ្លេសជាប្រទេស ដែលបានបង្កើតច្បាប់ៗ នានានៅលើទីលាន វិវត្តមកដល់បាល់ទាត់សម័យទំនើបដូចជា ៖ ក្បូនច្បាប់ឯកសណ្ឋានកីឡាដំបូងបង្អស់ ការហាមប្រាមមិនឲ្យកីឡាករយកដៃប៉ះបាល់លើកលែងតែអ្នកចាំទី និង ការហាមប្រាមមិន ឲ្យកីឡាករទាត់គ្នាលើទីលាន ពោលគឺទាត់តែបាល់បានហើយ ។
បន្ថែមពីនោះ ច្បាប់ពិន័យទាត់បាល់១១ម៉ែត្រ (penalty) ត្រូវបានណែនាំនៅក្នុងឆ្នាំ ១៨៩១ ។ FIFA បានក្លាយជាសមាជិក នៃក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ នៃចក្រភពអង់គ្លេសនៅឆ្នាំ ១៩១៣ ។ កាតក្រហម និង កាតលឿងត្រូវបានប្រើប្រាស់ដំបូងគេ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៧០។
ប្រវត្តិជូរចត់ដែលនាំឲ្យការ ប្រកួតឈ្នះចាញ់ត្រូវបានគេកំណត់ ដោយបាល់ប៉េណាល់ទី
អំឡុងសង្គ្រាមលោកលើកទី២ ពោលគឺកាលពីជាង៧០ឆ្នាំមុន មិនបានរារាំងអង់គ្លេស ពីការប្រកួតបាល់ទាត់ឡើយ ប៉ុន្តែច្បាប់នៃការកំណត់លើទីលាននាសម័យនោះ គ្មានភាពច្បាស់លាស់ទេ ។
ច្បាប់នៃការប្រកួត “លេងមិនបញ្ឈប់ រហូតដល់ទាត់ចូល ឬ Play to Finish” ត្រូវបានណែនាំដោយពានរង្វាន់ War Cup (ពានរង្វាន់សម័យសង្គ្រាម) កាលពីឆ្នាំ១៩៤២ បានន័យថា ការប្រកួតមិនកំណត់ម៉ោងថែម ទោះជាត្រូវប្រើពេលយូរប៉ុណ្ណា ក៏ការប្រកួតនៅតែបន្ត លុះត្រាតែរកឃើញក្រុមឈ្នះ ហើយក្រោយមកច្បាប់នេះត្រូវបានជារឿយៗ គេយកទៅប្រើទូទាំងប្រទេសអង់គ្លេស និង ស្កុតឡែន ដែលខុសពីការកាត់សេចក្ដី ដោយបាល់ប៉េណាល់ទី (ទាត់បាល់១១ម៉ែត្រ) ដូចបច្ចុប្បន្ន ។
ដោយសារតែគ្មាន ការកំណត់ម៉ោងឈ្នះចាញ់ជាមូលដ្ឋាន ដូច្នេះហើយ ទើប ថ្ងៃទី៣០ ខែមីនា ឆ្នាំ ១៩៤៦ គឺជាពេលវេលាដ៏ ជូរចត់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ រវាង Stockport និង Doncaster Rovers។ Stockport និង Doncaster Rovers ស្មើគ្នា ២-២ ដែលត្រូវអូសបន្លាយការប្រកួតរហូតដល់ទៅ ៣ម៉ោង២០នាទី ទើប Les Cocker ខ្សែប្រយុទ្ធ Stockport បំប៉ោងសំណាញ់ទីយកឈ្នះក្រុម Doncaster Rovers។
សំឡេងហ៊ោកញ្ជ្រៀវបន្ទាប់ពីម្នាក់ៗ នឿយហត់បាត់មាត់ ប្រែជាធ្វើឲ្យក្រុមអ្នកគាំទ្រ និង កីឡាកររបស់ Stockport ហាក់មានកម្លាំងឡើងវិញ។ ប៉ុន្តែសំឡេងកញ្ចែ របស់លោកអាជ្ញាកណ្ដាល Baker ប្រាប់ថាវាជាបាល់ប៉ះដៃ។ ហេតុដូច្នេះ ពួកគេត្រូវលេងបន្តទៀត។
ព្រះអាទិត្យបាន រះចំកណ្ដាលមេឃ បន្ទាប់ពី ៣ម៉ោង ២០នាទី ម៉ោងប្រកួតត្រូវបានបន្ថែម ដោយមិនកំណត់ពេលបញ្ចប់ ។ នៅនាទីទី ២០៣ គឺប្រមាណ៥នាទីមុនពេល ដែលការប្រកួតត្រូវបានឆាចោល កីឡាករជាបន្តបន្ទាប់បានដួលសន្លប់ សម្រែកសុំឲ្យបញ្ឈប់ការប្រកួត ពីសំណាក់អ្នកគាំទ្រ បានកងរំពង ពេញទីលាន។ ទីបំផុតលោកអាជ្ញាកណ្ដាល រួមនិង ជំនួយការដែលអស់ដៃអស់ជើងដូចគ្នា បានសម្រេចឆាចោលការប្រកួត ដោយបោះកាក់ជ្រើសក្រុមណាធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតម្តងទៀតនៅ៤ថ្ងៃបន្ទាប់ ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី២ រវាងក្រុមទាំង២ ដែលជារឿងកម្របំផុត បានកើតឡើងដូចការគ្រោងទុក។ តែម្តងនេះ ការប្រកួតបានស៊ីពេលយូរជាងលើកមុនទៅទៀត រហូតដល់ទៅជិត៤ម៉ោង ព្រោះ គ្មានឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី៣។ នៅទីបំផុតម្ចាស់ផ្ទះ Doncaster Rovers បានលើកពាន League III North Cup។
ទោះជារកអ្នកឈ្នះឃើញមែន ប៉ុន្តែការរិះគន់ជុំវិញរឿងនេះ បានធ្វើឲ្យក្បួនច្បាប់លេងមិនកំណត់ម៉ោង ត្រូវបានគេយកទៅប្រើប៉ុន្មានខែទៀតប៉ុណ្ណោះក្រោយព្រឹត្តិការណ៍ជូរចត់នេះបានកើតឡើង ។
ក្រោយមកការកំណត់ច្បាប់ ប្រកួតបាល់ទាត់បានវិវត្តហូរហែមកដល់បច្ចុប្បន្ន ដូចជា៖ Golden Goal គឺ ម៉ោងថែម១៥នាទី២ដង បើក្រុមណាទាត់ចូល១គ្រាប់មុន នោះការប្រកួត នឹងបញ្ចប់ភ្លាម ខុសពីច្បាប់ Play to Finish ត្រង់កំណត់ម៉ោងថែម តែ Golden Goal នៅប្រើមូលដ្ឋានច្បាប់ចាស់ Play to Finish ត្រង់ទាត់ចូលភ្លាមបញ្ចប់ការប្រកួតភ្លែត ខណៈដែលច្បាប់ថែមម៉ោងបច្ចុប្បន្នគឺ Silver Goal ច្រានចោល មូលដ្ឋានច្បាប់ Play to Finish ទាំងស្រុង ៕