ទីក្រុង WELLINGTON ៖ សហម្ចាស់ផ្ទះនូវែលសេឡង់ និងអូស្ត្រាលី បាននិយាយនៅថ្ងៃនេះថា ពួកគេចង់បានចម្លើយ ជាបន្ទាន់ពី FIFA ជុំវិញរបាយការណ៍ ក្រុមប្រឹក្សាទេសចរណ៍ របស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងឧបត្ថម្ភដល់ការប្រកួត បាល់ទាត់ពិភពលោក នារីឆ្នាំ ២០២៣ “2023 Women’s World Cup”យោងតាមការចេញ ផ្សាយពីគេហទំព័រឌឺវីប៊ីស ។
ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា នឹងមានឈ្មោះក្នុងចំណោម អ្នកឧបត្ថម្ភ នៃការប្រកួតបាល់ទាត់ ចំនួន ៣២ ក្រុមនឹងប្រារព្ធឡើង នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី នឹងចាប់ផ្តើមនៅទីក្រុង Auckland នៅថ្ងៃទី ២០ ខែកក្កដា ។ កិច្ចព្រមព្រៀង ឧបត្ថម្ភសម្រាប់ការប្រកួតនេះ គ្រោងនឹងដំណើរការទៅមុខ បើទោះបីជាប្រទេសឈូងសមុទ្រ មានកំណត់ត្រា មិនល្អអំពីសិទ្ធិស្ត្រីក៏ដោយ ។
មន្ត្រីទំាង២រូបមកពី Football Australia និង New Zealand Football បាននិយាយថា ពួកគេមិនត្រូវបានជូនដំណឹង អំពីកិច្ចព្រមព្រៀង ដែលបានគ្រោងទុកនោះទេ ហើយបានសរសេររួមគ្នា ទៅកាន់ FIFA ដើម្បីបញ្ជាក់ជាបន្ទាន់ អំពីស្ថានភាពនេះ ។ សេចក្តីថ្លែងការណ៍មួយ Football Australia បាននិយាយថា មានការខកចិត្តជាខ្លាំងដែលពួកគេមិនត្រូវបានពិគ្រោះលើបញ្ហានេះ មុនពេលការសម្រេចចិត្ត ណាមួយត្រូវបានធ្វើឡើង ។
សមភាគីរបស់ពួកគេ នៅប្រទេសនូវែលសេឡង់ បាននិយាយថា ពួកគេភ្ញាក់ផ្អើល និងខកចិត្តដែល FIFA មិនបានពិគ្រោះ ជាមួយពួកគេអំពីកិច្ចព្រមព្រៀង បានគ្រោងទុក ។ ចំណែកប្រធាន FIFA លោក Gianni Infantino បាននិយាយថា លោករំពឹងថានឹងមានអ្នកទស្សនាចំនួន ២ ពាន់លាននាក់ ចូលទស្សនាការប្រកួតលើកទី ១ នៃការប្រកួតបាល់ទាត់ពិភពលោក របស់ស្ត្រី ។
ស្ថាប័នគ្រប់គ្រងកីឡា បាល់ទាត់ពិភពលោកសង្ឃឹមថា វានឹងពង្រីកការរីកចម្រើន នៃការប្រកួតស្ត្រី ជាមួយនឹងការប្រកួតបំបែក រវាងប្រទេសពីរ ជាលើកដំបូង ៕