ភ្នំពេញ៖ លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធអញ្ជើញ និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដល់សិក្ខាកាមចំនួន ៤០ នាក់ នាថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ២០២៣ នៅនាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានមានប្រសាសន៍ថា យោងតាមផែនការប្រចាំឆ្នាំ ក្នុងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការពន្លឿន ការអភិវឌ្ឍវិស័យកីឡាតេក្វាន់-ដូ ITF ក៏ដូចយោងតាមរបត់ថ្មី របស់សហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ តម្រូវឲ្យគ្រូបង្ហាត់ កីឡាករ-កីឡាការិនីបណ្តាលប្រទេសជាសមាជិកទាំងអស់ ត្រូវមានលិខិតបញ្ជាក់ការសិក្សា ពាក់ព័ន្ធនឹងការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា(Anti-Doping E-learning Certificate) ទើបអាចអនុញ្ញាតឲ្យគ្រូបង្ហាត់ កីឡាករ-កីឡាការិនី ចូលរួមប្រកួតលក្ខណៈអន្តរជាតិរួមមាន ការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី និងការប្រកួតជ្រើសរើសជើងឯកពិភពលោក និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលរៀបចំដោយសហពន្វ័អន្តរជាតិ។
លោកបានបន្តថា ចំពោះវគ្គសិក្សាស្ថិតក្នុង គម្រោងវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ ដោយហេតុថា សហព័ន្ធមានភាពមមាញឹកទើប កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវពន្យាពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ។គ្រូបង្ហាត់ កីឡាករ-កីឡាការិនី និងអ្នកពាក់ព័ន្ធ បានយល់ច្បាស់អំពីអ្វីជាសារធាតុ ហាមឃាត់ក្នុងវិស័យកីឡា និងឲ្យកីឡាករ-កីឡាការិនីជៀសវាង ក្នុងការប្រើបា្រស់សារធាតុ ត្រូវគេហាមឃាត់ដែលធ្វើឲ្យខូចសុខភាព ការបាត់បង់អាជីពតាមរយៈ ការហាមឃាត់ការប្រកួតអស់មួយជីវិត ខូចកិត្តិយសខ្លួនឯង ក៏ដូចកិត្តិយសជាតិជាដើម។
លោកអគ្គបានបន្ថែមថា សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងដូប៉ាក្នុងវិស័យកីឡា មានសិក្ខាកាមចូលរួមចំនួន ៣៤ នាក់ក្នុងនេះប្រុសចំនួន២៤នាក់ ស្រីចំនួន ១០នាក់។ លោកគ្រូឧទ្ទេសទាំង២នាក់ របស់នាយកដ្ឋានកាដា មានកម្រិតជំនាញវិជ្ជាជីវៈខ្ពស់ និងមានគរុកោសល្យខ្ពស់ក្នុងផ្ទេរ ចំណេះដឹងដល់សិក្ខាកាម របស់សហព័ន្ធកីឡាតេក្វាន់-ដូ ITF ចូលរួមក្នុងវគ្គសិក្សាទទួលបានចំណេះដឹង និងបានប្រឡងជាប់ជា ស្ថាបពរនូវតេស្តក្នុងប្រព័ន្ធ ADEL (ទទួលវិញ្ញាបនបត្រ Anti-Doping E-Learning certificate)។ សិក្ខាកាមទាំង៣៤ រូបចូលរួមវគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងបានប្រឡងតេស្ត ADEL ជាប់ជាស្ថាបពរ ស្មើនឹង១០០ភាគរយ នៃសិក្ខាកាមចូលរួម ៕