តាមពិតទៅ សមាគមបាល់ទាត់អង់គ្លេស ឬ គេច្រើនតែល្បីថា FA មានព្រះអង្គម្ចាស់ William រជ្ជទាយាទនៃព្រះមហាក្សត្រចក្រភពអង់គ្លេស ជាព្រះប្រធាន។ តាមពិតទៅព្រះអង្គ ត្រូវបានតែងតាំងជាប្រធាន តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
ក្នុងនាមជាប្រធាន ព្រះអង្គម្ចាស់ William បានដើរតួអង្គជាអ្នកតស៊ូមតិ លើប្រធានបទនានា ដែលជាទីចាប់អារម្មណ៍នៅក្នុងសង្គមអង់គ្លេស។ ថ្មីៗនេះព្រះអង្គបានភ្ជាប់ការលើកកម្ពស់ សុខភាពផ្លូវចិត្តជាមួយនឹង កីឡាបាល់ទាត់ ដើម្បីឱ្យប្រជាជន អង់គ្លេសទូទៅយល់ច្បាស់ពីបញ្ហានេះ។
យ៉ាងណាមិញ តំណែងប្រធាន FA ជាតំណែងនិមិត្តរូបទេ។ ព្រះអង្គច្រើនតែតំណាងរាជវង្សានុវង្ស និងប្រទេសអង់គ្លេសទាំងមូលនៅពេលមានពិធីធំៗពាក់ព័ន្ធនឹងបាល់ទាត់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសមាគមបាល់ទាត់អង់គ្លេស មានអ្នកធ្វើការច្រើនណាស់។ ក្នុងនោះដែរ គេបែងចែកជាក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សា ហើយការងារប្រចាំថ្ងៃនោះគឺ គណៈគ្រប់គ្រង FA តែម្ដង ដោយនៅពេលនេះ មានលោក Mark Bullingham ជានាយកប្រតិបត្តិ៕