កីឡា

លោក តែម ម៉ឺន ៖ អាជ្ញាកណ្ដាល ចៅក្រមរបស់សហព័ន្ធទំាងអស់ ត្រូវមានឆន្ទៈ ក្នុងការបំពេញការងារ លើសង្វៀន ប្រកួតអស់ពីចិត្ត

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោក ទុយ ប៊ុនហឿន អនុប្រធាននាយកអប់រំកាយ និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតបឋម ឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

លោក ហេង សុឃន អគ្គលេខាធិការ សហព័ន្ធកីឡាគុនខ្មែរ បានឲ្យដឹងថា សិក្ខាកាមមានចំនួន៣៦រូប ដែលមាន២រូបជានារី ក្រៅពីនោះជាអតីតកីឡាករ ប្រដាល់ល្បីៗ ។ នេះជាវគ្គបឋម ដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លង វគ្គសិក្សានេះបានទទួលវិញ្ញាបនប័ត្រ មានតម្លៃសម្រាប់ការចូលរួមបំពេញ ការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡា ប្រដាល់គុនខ្មែរ បន្ថែមទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរដែលឈប់ការ ប្រកួតចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រមដើម្បីត្រៀមការរៀបចំការ ប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកឆ្នាំ២០២២ នាពេលខាងមុខ ។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានបន្តថា វគ្គនេះ គឺចំណាយថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាម ដែលភាគច្រើនជា គរុសិស្សមកពីវិទ្យា ស្ថានជាតិ អប់រំកាយ និងកីឡា មន្ទីរអប់រំកាយ និងកីឡា និងអតីត្តកីឡាករប្រដាល់គុនខ្មែរជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។ សិក្ខាកាមទាំងអស់មានចំណេះដឹង និង មានកាយសម្បទាល្អ គឺសហព័ន្ធមិនយកអ្នកមានកម្ពស់មិនគ្រប់គ្រាន់នោះទេ ។

លោកបានបន្តថា សិក្ខាកាមជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈក្នុងការបំពេញការងារនៅលើសង្វៀនប្រកួតដាច់ខាន មិនមែនរៀនចប់ ហើយប៉ុន្មានខែ ក្រោយមកបែរជាទទួលពិន័យ របស់សហព័ន្ធ ដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ការបំពេញការងារ តាមស្ថានីយ៍ មិនមែនជាការ ជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ឬឈប់រហូតតែម្តង ៕

Most Popular

To Top